ភ្នំពេញ ៖ លោក ឈន សាណាត អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានសម្រេចធ្វើប្រតិបត្តិការធ្វើតេស្តទឹកនោមរកសារធាតុញៀន លើមន្ត្រីពន្ធនាគារទូទាំងប្រទេស និងជនជាប់ឃុំដែលមានការសង្ស័យប្រើប្រាស់សារធាតុញៀន។

ការសម្រេចធ្វើតេស្ដនេះ បន្ទាប់ពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបហាផ្ទៃ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ បានណែនាំឲ្យគ្រប់អង្គភាព ត្រូវរឹតបន្តឹងចំពោះបញ្ហាគ្រឿងញៀន។

យោងតាមសេចក្ដីណែនាំរបស់ អគ្គនាយកដ្ឋានពន្ធនាគារ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ លោក ឈន សាណាត បានថ្លែងថា «ក្នុងន័យនេះ ដើម្បីធានាប្រសិទ្ធិភាពការអនុវត្តការងាររបស់មន្ត្រីពន្ធនាគារ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានការជឿទុកចិត្ត ពីមជ្ឈដ្ឋានទូទៅ អគ្គនាយកដ្ឋានពន្ធនាគារ បានសម្រេចដាក់ចេញនូវវិធានការធ្វើតេស្តរកសារធាតុញៀន លើមន្ត្រីពន្ធនាគារពន្ធនាគារជាទូទៅ និងជនជាប់ឃុំដែលមានការសង្ស័យប្រើប្រាស់គ្រឿងញៀនក្នុងក្របខណ្ឌ ទូទាំងប្រទេស បន្ទាប់ពីសេចក្ដីណែនាំនេះត្រូវបានដាក់ចេញ»។

លោក បន្ដថា សម្រាប់ការចុះប្រតិបត្តិការធ្វើតេស្តរកសារធាតុញៀនជាក់ស្ដែង នឹងដឹកនាំចុះអនុវត្តផ្ទាល់ដោយ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយមន្ត្រីពេទ្យពន្ធនាគារគោលដៅនីមួយៗ ដោយមិនមានការជូនដំណឹងជាមុន។ ក្នុងករណីរកឃើញថា មន្ត្រីពន្ធនាគារមានចេតនាគេចវេសក្នុងការមិនចូលរួមសហការធ្វើ តេស្ដ ឬរកឃើញមានសារធាតុញៀន អគ្គនាយកដ្ឋានពន្ធនាគារ នឹងគោរពស្នើសុំគោលការណ៍សម្រេចពី ក្រសួង ដើម្បីអនុវត្តនូវវិធានការរដ្ឋបាលនានា និងវិធានការផ្លូវច្បាប់ជាធរមាន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ