ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ចាន់ គីមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា រហូតមកដល់ពេលនេះ នៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ រាជធានី-ខេត្ត មិនមានអ្នកឆ្លងជំងឺកូវីដ-១៩ឡើយ ខណៈភាគីពាក់ព័ន្ធមានវិធានការទប់ស្កាត់គ្រប់ពេល វេលា។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានពន្ធនាគារ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ លោក ចាន់ គីមសេង បានថ្លែងថា «សម្ដេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានកោតសសើរចំពោះមន្ដ្រីពន្ធនាគាររបស់ ដែលខិតខំប្រឹងប្រែង ធ្វើកិច្ចការងារ ដែលសម្រេចតួនាទីភារកិច្ចជាច្រើន។

លោកមានប្រសាសន៍ថា «សូមថ្លែងអំណរគុណ ចំពោះគ្រប់អង្គភាពអគ្គនាយកដ្ឋានពន្ធនាគារទាំងអស់ ដែលបានខិតខំធ្វើការងារ និងអនុវត្តយ៉ាងសកម្ម នូវវិធានការបង្ក្រាប និងទប់ស្កាត់ ការរីករាលដាល់នៃជំងឺកូវីដ-១៩ នៅតាមមណ្ឌលអប់កែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ហើយជារួមមកដល់ថ្ងៃនេះ គឺយើងធានាបាន១០០ភាគរយ ដែលជនជាប់ឃុំ មិនមានឆ្លងរាលដាល់នៃជំងឺកូវីដ-១៩»។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពឆ្នាំ២០២០ ឧត្តមអគ្គានុរក្សថ្នាក់លេខ១ សន កែវ អគ្គនាយករង អគ្គនាយកដ្ឋានពន្ធនា គារ នៃក្រសួងមហាផ្ទៃ លើកឡើងថា ផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានពន្ធគារ គឺជាផែនការសកម្មភាពឆ្នាំទី២ នៃការអនុវត្តផែនការយុទ្ធសាស្ដ្ររយៈពេល៥ឆ្នាំ របស់អគ្គនាយកដ្ឋានពន្ធនាគារ ក្នុងគោលបំណងលើកកម្ពស់ការគ្រប់គ្រងជនជាប់ឃុំតាមជំនាញវិជ្ជាជីវៈ ធានាបានសន្ដិសុខ សុវត្ថិភាព សុខភាពនិងមនុស្សធម៌ ព្រមទាំង ផ្ដល់កម្មវិធីអប់រំកែប្រែ ស្ដារនីតិសម្បទា បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសមាហរណកម្ម។

លោកបន្ដថា ដើម្បីសម្រេចបានអនុវត្តផែនការយុទ្ធសាស្ដ្រនេះ ចាំបាច់ត្រូវមានការឧបត្ថម្ភគាំទ្រ ទាំងស្មាតី និងធនធានហិរញ្ញវត្ថុពីរាជរដ្ឋាភិបាលកម្ពុជា ពីក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័ន អង្គការ ដៃគូពាក់ព័ន្ធ និងសប្បុរសជននានា។ជាងនេះទៅទៀត ក៏តម្រូវឲ្យមានការខិតខំប្រឹងបំពេញ តួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ដ្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់។

លោកបន្ថែមថា ដើម្បីឲ្យផែនការសកម្មភាពឆ្នាំ២០២០ សម្រេចបានតាមគោលបំណង និងលទ្ធផលរំពឹងទុកអគ្គនាយកដ្ឋានពន្ធនាគារ ដាក់ចេញនូវវិធានការដូចខាងក្រោម ៖

ទី១-ផ្សព្វផ្សាយផែនការនេះឲ្យបានទូលំទូលាយក្នុងជួរមន្ដ្រីពន្ធនាគារ ស្ថាប័នពាក់ព័ន្ធ និងអង្គការជាតិដៃគូនានា ដើម្បីចូលរួមអនុវត្ត និងជួយឧបត្ថម្ភគាំទ្រ។

ទី២-គ្រប់នាយកដ្ឋាន និងពន្ធនាគាររាជធានី-ខេត្ត ត្រូវកសាងផែនការសកម្មភាពលំអិតជាក់ស្ដែង និងទទួលខុសត្រូវអនុវត្តតាមតួនាទីភារកិច្ច ដើម្បីសម្រេចគោលដៅចុងក្រោយ។

ទី៣-គ្រប់អង្គភាពពាក់ព័ន្ធ ត្រូវតាមដាន ត្រួតពិនិត្យ វាយតម្លៃការអនុវត្ត តាមរយៈពេលដែលបានកំណត់ និងត្រូវរាយការណ៍មកអគ្គនាយកដ្ឋានពន្ធនាគារជាលាយលក្ខណ៍អក្សរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ