ភ្នំពេញ ៖ សមត្ថកិច្ច ចាប់បានជនប្រដាប់អាវុធ ៦ នាក់ពាក់ព័ន្ធនឹងករណីរំដោះអ្នកទោសនៅសៀមរាប នៅថ្ងៃទី១៨ ខែសីហានេះ ខណៈមេក្លោងដែលជាអ្នកទោសនោះ មិនត្រូវចាប់ខ្លួនបាននៅឡើយទេ ដោយកម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងស្រាវជ្រាវតាមចាប់បន្ដទៀតយ៉ាងយកចិត្តទុកដាក់។ នេះបើតាមការឱ្យដឹងរបស់ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
សូមរំលឹកថា ខ្មាន់កាំភ្លើងមួយក្រុម ប្រដាប់ដោយអាវុធគ្រប់ដៃ បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញមួយកន្លែង។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចគ្លីនិកធ្មេញ ជុំ ចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ពិរុទ្ធជនដែលត្រូវគេរំដោះឈ្មោះ Chen hsin han អាយុ៤៥ ឆ្នាំជនជាតិចិន ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន ដែលតុលាការសម្រេចឱ្យជាប់ទោសចំនួន ៥២ឆ្នាំ៕EB