ប្រធាន គ.ជ.ប ៖ ទោះបីមានចលនារារាំង ឬឲ្យពលរដ្ឋបំផ្លាញការបោះឆ្នោត ក៏មានពលរដ្ឋចេញទៅបោះឆ្នោតច្រើនជាងអាណត្តិមុនៗ
ភ្នំពេញ ៖ លោក ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ទោះបីមានចលនារារាំង ឬញុះញង់ប្រជាពលរដ្ឋ ឲ្យបំផ្លាញការបោះឆ្នោតក៏ដោយ ប៉ុន្ដែពលរដ្ឋ ចេញទៅបោះឆ្នោតរហូតដល់ ៨៤,៥៩% គឺមានចំនួនច្រើនជាងអាណត្តិមុនៗ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី២៦ កក្កដា នេះ។
នាឱកាសអញ្ជើញទទួលជួបលោក រ៉េម៉ាន់ដូ ភីរេរ៉ា (H.E.Mr. Raimundo PEREIRA) ប្រធានគណៈប្រតិភូសហគមន៍ សេដ្ឋកិច្ច នៃរដ្ឋអាហ្វ្រិកខាងលិច និងជាសមាជិកបណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោត នៃប្រទេសនិយាយភាសាបារាំង បានមកសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ លោក ប្រាជ្ញា ចន្ទ ប្រធាន គ.ជ.ប បានឲ្យដឹងថា ចប់ការបោះឆ្នោត ដំណើរការរាប់សន្លឹកឆ្នោតប្រព្រឹត្តទៅក្នុងការិយាល័យបោះឆ្នោតនោះតែម្តង។ ភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ មានសិទ្ធិសង្កេតមើលដំណើរនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនេះរហូតដល់ចប់។
ប្រធាន គ.ជ.ប បន្ដថា កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ត្រូវបានបិទផ្សាយមួយច្បាប់ នៅមុខការិយាល័យរាប់សន្លឹកឆ្នោត រួចផ្ញើមកគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត មួយច្បាប់ ដើម្បីបញ្ជូនបន្តមក គ.ជ.ប ធ្វើការផ្សព្វផ្សាយ។ ភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ មានសិទ្ធិថតកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) និងមកទទួលយក ទ.១១០២ នៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត។
ប្រធាន គ.ជ.ប គូសបញ្ជាក់ថា «ទោះបីមានចលនារារាំងប្រជាពលរដ្ឋ ញុះញង់ប្រជាពលរដ្ឋឲ្យបំផ្លាញការបោះឆ្នោត ប៉ុន្តែប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតរហូតដល់ ៨៤,៥៩% គឺមានចំនួនច្រើនជាងការបោះឆ្នោតមុនៗ។ អ្នកសង្កេតការណ៍អន្ដរជាតិ មានជាង ៤០០នាក់»។
នាឱកាសនោះដែរ លោក រ៉េម៉ាន់ដូ ភីរេរ៉ា បានសង្កេតឃើញថា ការបោះឆ្នោតនេះប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ សន្តិភាព សេរី មានតម្លាភាព និងមានការចូលរួមយ៉ាងផុសផុលពីប្រជាពលរដ្ឋកម្ពុជា៕