លោក Yevgeny Prigozhin ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner ស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះ
(មូស្គូ)៖ ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin បានជិះនៅលើយន្ដហោះឯកជនមួយគ្រឿងដែល បានធ្លាក់ នៅភាគខាងជើងទីក្រុងមូស្គូ កាលពីល្ងាចថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ដែលបណ្ដាលឱ្យមនុស្សជិះលើយន្ដហោះនេះស្លាប់ទាំងអស់។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣។
ក្នុងនោះមានមនុស្ស១០នាក់បានជិះ នៅលើយន្តហោះមួយគ្រឿង រួមមានសមាជិកអាកាសយាននិក៣នាក់ គ្មានមនុស្សណាម្នាក់នៅលើយន្ដហោះដែលនៅរស់រានមាន ជីវិតនោះទេ»។នេះជាការបញ្ជាក់របស់ក្រសួងសម្រាប់ស្ថានការណ៍អាសន្នរបស់រុស្ស៉ី។
ក្រុមមន្ត្រីអាកាសចរណ៍ស៊ីវិលរុស្ស៉ី បានចេញផ្សាយបញ្ជីឈ្មោះជនរងគ្រោះជាអ្នកដំណើរទាំង៧នាក់ ក្នុងនោះរួមមានទាំងលោក Prigozhin និងមេបញ្ជាការទាហានស៊ីឈ្នួល រុស្ស៉ី Wagner ម្នាក់គឺលោក Dmitry Utkin ព្រមទាំងសមាជិកអាកាសយានិក ៣នាក់ ដែលត្រូវបានទទួលស្គាល់ថាបានស្លាប់ទាំងអស់។
គួរបញ្ជាក់ថា បើតាមក្រសួងសម្រាប់ស្ថានការណ៍អាសន្នរបស់រុស្ស៉ី យន្ដហោះឯកជន Embraer Legacy ខាងលើបានធ្វើដំណើរចាកចេញពីទីក្រុងមូស្គូ ទៅកាន់ទីក្រុង Saint Petersburg ហើយបានធ្លាក់នៅក្បែរភូមិ Kuzhenkino នៃតំបន់ Tver ស្ថិតនៅប្រហែល៣០០គីឡូម៉ែត្រពីភាគខាងជើងរដ្ឋធានីមូស្គូ។ ភ្លាមៗមិនទាន់មានការ បញ្ជាក់មូលហេតុនៃការធ្លាក់យន្ដហោះនេះនៅឡើយទេ ប៉ុន្តែហេតុការណ៍ធ្លាក់យន្ដហោះនេះដែរកើតមានឡើងតែជាង២ខែប៉ុណ្ណោះ បន្ទាប់ពីលោក Prigozhin ដឹកនាំការ បះបោររយៈពេលខ្លីមួយប្រឆាំងនឹងមេដឹកនាំយោធារុស្ស៉ីកាលពីខែមិថុនាកន្លងទៅ៕