ឯកឧត្តម បណ្ឌិត ស សុខា អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី លើកដំបូង នីតិកាលទី៧ នៃរដ្ឋសភា
ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី លើកដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រជុំនេះរៀបចំធ្វើឡើងនៅវិមានសន្ដិភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី។
នាឱកាសនោះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្ត្រមួយរបស់កម្ពុជា ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ជាលើកទី១។ ឆ្លៀតឱកាសនោះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជនរួមជាតិទាំងអស់ ដែលបានផ្ដល់យុត្តិធម៌ជំនឿ និងការគាំទ្រយ៉ាងរឹងមាំចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ»។
ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត បន្តថា ជាការពិតណាស់ ការបោះឆ្នោតកន្លងទៅ បានប្រព្រឹត្តទៅយ៉ាងត្រឹមត្រូវដោយសេរី និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងជាពិសេសមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះកររហូតដល់ជាង ៨លាននាក់ ត្រូវជាប្រមាណ ៨៤,៥៤ភាគរយ នៃបញ្ជីឈ្មោះបោះឆ្នោតរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
សូមជម្រាបជូនថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី លើកដំបូង នីតិកាលទី៧ នៃរដ្ឋសភា នាពេលព្រឹកនេះ បានពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥ រួមមាន ៖ ទី១-ការប្រកាសឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១, ទី២-ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ ស្តីពីការកែសម្រួលឈ្មោះក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ទៅជា “ក្រសួងអធិការកិច្ច”, ទី៣-ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ ស្ដីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន, ទី៤-ការណែនាំរបស់នាយករដ្ឋមន្ត្រី អំពីរបៀបរបបការងារ និងកិច្ចដំណើរការនៃគណៈរដ្ឋមន្ត្រី, ទី៥-បញ្ហាផ្សេងៗ៕EB