មេក្លោងគ្រឿងញៀនជនជាតិចិន ដែលរំដោះខ្លួន នៅខេត្តសៀមរាប មានបំណងចេញទៅ ឡាវ និងថៃ ប៉ុន្ដែត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាន់ពេល
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូអគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានអះអាងថា មេក្លោងគ្រឿងញៀនជនជាតិចិន ក្រោយពីបានរត់គេចខ្លួនដោយសារឧក្រិដ្ឋជនលួចចូលរំដោះនៅក្នុងគ្លីនិកធ្មេញ នៅសៀមរាបកាលពីសប្តាហ៍មុន មានបំណងចង់រត់គេចខ្លួនទៅឡាវនិងថៃ ប៉ុន្តែត្រូវបានសមត្ថកិច្ចដឹងមុន ក៏បានបង្អាកដំណើរទាន់ពេលវេលា។
កិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបបទល្មើស ពាក់ព័ន្ធនឹងករណីក្រុមប្រដាប់អាវុធមួយក្រុម ធ្វើសកម្មភាព រំដោះទណ្ឌិតដែលជាប់ពន្ធធនាគារ នៅខេត្តសៀមរាប ក្នុងអំឡុងពេលមកព្យាបាលធ្មេញ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានមកវិញទាំងអស់ហើយ ។ បន្ទាប់ពីឃាត់ខ្លួនបានមកវិញ លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ បានរៀបចំសន្និសីទសារព័ត៌មាន បង្ហាញក្រុមឧក្រិដ្ឋជនទាំងនោះ ។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ គូសបញ្ជាក់ថា តាមការស្រាវជ្រាវ ក្រុមឧក្រិដ្ឋជនមានបំណងចង់រត់គេចខ្លួន ចេញទៅក្រៅប្រទេស ដោយតាមទិសដៅមាន ២ទៅ៣ប្រទេស ដែលបម្រុងនឹងចាកចេញ ទៅហើយ ប៉ុន្តែត្រូវបានសមត្ថកិច្ច ធ្វើការទាន់ពេលវេលា បង្អាក់សកម្មភាពទាំងនោះ រហូតឃាត់ខ្លួនបាន នៅរាជធានីភ្នំពេញតែម្តង ។
លោកមានប្រសាសន៍ថា «ពេលដែលវាគេចចេញមកនោះ គឺវល់ៗរបស់វាដែរ ទិសរបស់វា គឺវាមាន៣ ទៅ៤ជ្រុង ។ ទី១ វាចង់ទៅឡាវ និងទី២ចង់ទៅថៃ ប៉ុន្តែសំខាន់យើងកាត់ផ្តាច់មធ្យោបាយ និងខ្សែរយៈវាបាន ។ អីចឹងវានៅវល់មិនដឹងទៅណា វាមកពួននៅភ្នំពេញ»។
គួរបញ្ជាក់ថា មេខ្លោងគ្រឿងញៀនជាជនជាតិចិន ដែលក្រុមឧក្រិដ្ឋជនប្លន់រំដោះកាលពីកន្លងទៅថ្មីៗ នៅខេត្តសៀមរាប ត្រូវបានកម្លាំងសមត្ថកិច្ច អគ្គស្នងការដ្ឋានគរបាលជាតិ ចាប់បានមកវិញ នៅថ្ងៃទី២១ ខែសីហា នៅសង្កាត់ព្រែលៀប ខណ្ឌជ្រោយចង្វារ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ នេត សាវឿន ដោយកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នាយកដ្ឋានកណ្តាលសន្តិសុខផ្ទៃក្នុង និងអង្គភាពជំនាញផ្សេងទៀត បានរួមដៃគ្នាយ៉ាងស្អិតរមួត ដើម្បីឈានដល់ការចាប់ខ្លួនឧក្រិដ្ឋជន ដែលពាក់ព័ន្ធករណីនេះ។ សរុបតុល្យការចុងក្រោយនេះ ឧក្រិដ្ឋជនចំនួន១១នាក់ហើយ រួមទាំងអ្នកទោសដែលត្រូវរំដោះនោះ ក៏ត្រូវបានចាប់ខ្លួនត្រឡប់មកវិញដែរ។
សូមរំលឹកថា ខ្មាន់កាំភ្លើងមួយក្រុមមានគ្នាប្រមាណ ៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានតកាណុង បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនតៃវ៉ាន់ម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញមួយកន្លែង។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចគ្លីនិចធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប៕EB