ការគិតច្រើនជ្រុល គឺជាកត្តាបង្កើតនូវបញ្ហាជាច្រើនដល់មនុស្ស ទោះបីជាមិនមានបញ្ហាអ្វីផងក៏ដោយ។ មិនទាន់ហួសពេលឡើយ ប្រសិនបើអ្នកចង់គ្រប់គ្រង ឫកាត់បន្ថយការគិតច្រើនហួសប្រមាណនោះ ជាមួយវិធីសាស្រ្តសាមញ្ញ និងមានប្រសិទ្ធភាព៥ ដូចខាងក្រោមៈ

១/ សមាធិ

សមាធិ គឺជាអ្វីដែលយើងគួរតែសាកល្បងមុនគេ។ ការសិក្សាបានបង្ហាញថា ការធ្វើសមាធិ អាចធ្វើអោយអ្នកសម្រាកស្រាកស្រាន្ត ជាងការដេកទៅទៀត ហើយមនុស្សដែលធ្វើសមាធិ ជំនួសអោយការដេកនៅពេលថ្ងៃ មានភាពរហ័សរហួនស្រស់ថ្លា ជាងមនុស្សសាមញ្ញ។ ក្រោយធ្វើសមាធិ អ្នកនឹងអាចផ្តោតលើការងារបានច្រើនជាងមុន និងមិនរវើរវាយគិតច្រើន។

២/ រស់នៅក្នុងបច្ចុប្បន្ន

មនុស្សយើង គិតច្រើនជ្រុល ដោយសារតែ ភាគច្រើនពួកគាត់ សម្លឹងមើលទៅអនាគតខាងមុខឆ្ងាយពេក។ អ្នកគួរតែដកដង្ហើមអោយបានវែងៗ និង សម្លឹងមើលអ្វីដែលអ្នកកំពុងមាននិងកំពុងនៅក្នុងពេលបច្ចុប្បន្ន អ្នកនឹងអាចធូរស្រាលជាងមុន។

៣/ ផ្តោតលើ ភាពវិជ្ជមាន

នៅពេលដែលយើងគិតច្រើនជ្រុល វាដឹកនាំយើងអោយដើរនៅលើផ្លូវអវិជ្ជមាន។ ហើយនៅពេលដែលយើងគិតអវិជ្ជមាន វាធ្វើអោយយើងមិនសប្បាយចិត្ត។ បេីដូចនេះនៅពេលដែលអ្នកគិតច្រើន អ្នកគួរតែរំលឹក នូវរឿងល្អៗដែលកើតឡើងនៅក្នុងជីវិតរបស់អ្នក ហេីយអ្នកនឹងមានអារម្មណ៍ល្អប្រសើរជាងមុន។

៤/ លំហាត់ប្រាណ

ធ្វើលំហាត់រាងកាយ ដូចជា ការដើរ លេងជាមួយសត្វចិញ្ចឹម លំហាត់យូហ្គា ដែលទាំងអស់នេះ សុទ្ធតែអាចជួយអ្នកមានចិត្តស្រស់ថ្លា។ ធ្វើលំហាត់ប្រាណ អាចជួយអោយអ្នកផ្តោតលើវា ជំនួសអោយការគិតច្រើន ហើយវាធ្វើអោយយើងមានសុខភាពមំាទាំ។

៥/ ចំណាយពេលនៅក្នុងធម្មជាតិ

នៅពេលអ្នកធ្លាក់ទឹកចិត្ត ដោយបរាជ័យអ្វីមួយ អ្នកគួរតែសាកល្បងដើរលេងនៅព្រៃ ឬ លើភ្នំ ឬ រមណីយដ្ឋានណាមួយ។ អ្នកនឹងមានអារម្មណ៍ស្រស់ថ្លា ជាមួយធម្មជាតិ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ