គម្រោងសហហិរញ្ញប្បទាន ១៥០លានដុល្លារ ស្តារ-ជំរុញ កំណើនវិស័យទេសចរណ៍ ចាប់ផ្តើមទទួលសំណើសុំឥណទានចាប់ពីថ្ងៃទី១ កក្កដាតទៅ
ភ្នំពេញ ៖ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និង គ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូចំនួន ១៩ បានត្រៀមខ្លួនរួចរាល់ និងប្រកាសចាប់ផ្តើមទទួលសំណើសុំឥណទាន ក្រោមគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើន ក្នុងវិស័យទេសចរណ៍ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ នេះតទៅ។
វិស័យទេសចរណ៍ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាបង្កើតការងារ សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ជាអកុសល ក្នុងអំឡុងឆ្នាំ២០២០ និងឆ្នាំ២០២១, វិស័យទេសចរណ៍ បានធ្លាក់ចុះជាគំហុក ដោយសារឥទ្ធិពលនៃជំងឺកូវីដ-១៩ និងបានបណ្តាលឲ្យសហគ្រាសជាច្រើន ក្នុងវិស័យនេះមានការវិវឌ្ឍមិនល្អ ដោយម្ចាស់អាជីវកម្មមួយចំនួនធំ បានកាត់បន្ថយ ផ្អាក ឬបិទអាជីវកម្មរបស់ខ្លួនទាំងស្រុង ដែលជាហេតុនាំឲ្យប្រជាពលរដ្ឋមួយចំនួនបាត់បង់ការងារ និងប្រាក់ចំណូល។
ហេតុដូចនេះ ដើម្បីជំរុញ និងស្តារវិស័យទេសចរណ៍ឡើងវិញ រាជរដ្ឋាភិបាលបានដាក់ចេញ នូវវិធានការអន្តរាគមន៍ជាច្រើន ជាពិសេសកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវការនូវ ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ ២០២១-២០២៣។
លើសពីនេះ ដើម្បីគាំទ្រដល់ការអនុវត្ត នូវក្របខណ្ឌខាងលើ រាជរដ្ឋាភិបាលបានអនុម័តកញ្ចប់ថវិកាចំនួន ៧៥ លានដុល្លារអាមេរិក សម្រាប់ផ្តល់ហិរញ្ញប្បទាន ដែលមានលក្ខខណ្ឌអនុគ្រោះ សម្រាប់ជួយម្ចាស់អាជីវកម្មដែលស្ថិតក្នុងវិស័យនេះ៕