សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កូនខ្មែរ ចង់ក្លាយជាមន្រ្តីបម្រើរាស្រ្ត ត្រូវវិនិយោគលើការរៀនសូត្រ មិនត្រូវពឹងខ្សែ
ភ្នំពេញ ៖ នាឱកាសអញ្ជើញបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កូនខ្មែរដែលចង់ក្លាយជាមន្រ្តីបម្រើរាស្រ្ត ត្រូវវិនិយោគលើការខិតខំប្រឹងប្រែងរៀនសូត្រ និងសមត្ថភាព មិនត្រូវពឹងលើខ្សែ បក្ខពួក ដើម្បីក្លាយជាមន្រ្តីនោះទេ។
សម្តេចធិបតី បានថ្លែងជាសាធារណៈថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី ៧ គឺបានដាក់ទិសដៅក្នុងការកំណែទម្រង់មន្រ្តីរាជការ តាមរយៈការប្រឡងជ្រើសរើសមន្រ្តីក្របខណ្ឌ ផ្អែកទៅលើគុណាធិបតេយ្យ សុក្រឹតយភាព យុត្តិធម៌ និងបរិយាបន្ន ដែលជាអាទិភាពធំណាស់។
សម្តេចធិបតី គូសបញ្ជាក់ថា៖«មន្រ្តីចូលបម្រើរដ្ឋត្រូវចាប់ផ្តើមពីខ្លួនឯងមានទំនុកចិត្ត មិនមែនជាការវិនិយោគទេ។ ត្រូវវិនិយោគកម្លាំងចិត្ត កម្លាំងកាយ ខិតខំប្រឹងប្រែងរៀនសូត្រ មិនត្រូវវិនិយោគរកខ្សែ រកថវិកា ដើម្បីសូកគេនោះទេ»។
សម្តេចបន្ថែមថា ដូច្នេះសុក្រឹតភាព សមត្ថភាព មុនក្លាយជាមន្រ្តីរាជការត្រូវបានបង្ហាញឡើងតាមរយៈការប្រឡងជ្រើសរើសមន្រ្តីរាជការកន្លងមក ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ ដោយឈរលើគោលការណ៍ «អ្នកចេះ គឺជាប់»។
សម្តេចធិបតី ថ្លែងថា «សុក្រឹតភាព និងភាពត្រឹមត្រូវនៃការប្រឡងនេះ គឺជាឧទាហរណ៍មួយ ប៉ុន្តែជាកិច្ចការធំណាស់សម្រាប់ផ្តល់ការលើកទឹកចិត្តដល់កូនខ្មែររបស់យើងដែលចង់ក្លាយជាមន្រ្តីបម្រើរាស្រ្ត»៕