វៀតណាម៖មន្ត្រីជាន់ខ្ពស់មួយរូប និយាយថា សភាជាតិរបស់ប្រទេសវៀតណាមចាប់ផ្តើមដំណើរការជ្រើសរើសប្រធានាធិបតី នៅថ្ងៃទី២១ ខែតុលានេះ បន្ទាប់ពីការផ្លាស់ប្តូរអ្នកដឹកនាំ ជាបន្តបន្ទាប់ ដែលបានធ្វើឱ្យរដ្ឋកុម្មុយនិស្ត មួយនេះ ធ្លាក់ចូលទៅក្នុងរយៈពេលមិនធម្មតា នៃចលាចលនយោបាយ។
ប្រធានាធិបតីបច្ចុប្បន្ន លោក To Lam ត្រូវបានតែងតាំងជាអគ្គលេខាធិការបក្សកុម្មុយនិស្ត ដែលជាមេដឹកនាំកំពូលរបស់វៀតណាម កាលពីខែសីហា បន្ទាប់ពីមរណភាព លោក Nguyen Phu Trong។ លោក Trong បានកាន់តំណែងទាំងពីរ ក្នុងពេលតែមួយ ចន្លោះពីខែតុលា ឆ្នាំ២០១៨ ដល់ខែមេសា ឆ្នាំ ២០២១។ ចំពោះ លោក To Lam នៅមិនទាន់ដឹងថា នឹងកាន់តំណែងកំពូលនេះ ទាំងពីរ បន្តទៀត ឬ យ៉ាងណានោះទេ ដោយកន្លងមក មានការលើកឡើងថា អាចបន្តកាន់ដល់ឆ្នាំ២០២៦ ប៉ុន្តែក៏មានការលើកឡើងថា អាចនឹងមានប្រធានរដ្ឋថ្មី។
នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២០ ខែតុលា លោកស្រី Nguyen Thanh Hai មន្ត្រីជាន់ខ្ពស់រដ្ឋសភាវៀតណាម បានមានប្រសាសន៍ថា «គណៈកម្មាធិការមជ្ឈិមបក្សបានយល់ព្រម ណែនាំបុគ្គល ដែលមានលក្ខខណ្ឌសមស្រប ហើយនឹងដាក់ជូនសភាជាតិ ដើម្បីអនុម័ត តួនាទី ជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម»៕