អ៊ុយក្រែន ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថាលោកទទួលបានព័ត៌មានសម្ងាត់ ដែលបានរាយការណ៍ថាកូរ៉េខាងជើងកំពុងបង្វឹកកងទ័ព ១០ ០០០នាក់ ដើម្បីបញ្ជូនទៅជួយកងទ័ពរុស្ស៉ី នៅក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការអះអាងបែបនេះរបស់លោក ហ្សេលេនស្គី បានបញ្ជាក់ឱ្យច្បាស់ថាតើកងទ័ពកូរ៉េខាងជើងទាំងនោះ កំពុងត្រូវបានបង្វឹកនៅទីណានោះទេ។ «ពួកគេកំពុងត្រៀមបញ្ជូនកងទ័ព ១០ ០០០នាក់ ប៉ុន្តែពួកគេ មិនទាន់បញ្ជូនកងទ័ពទាំងនោះទៅរុស្ស៉ី ឬអ៊ុយក្រែននៅឡើយទេ»។ នេះជាការគូសបញ្ជាក់របស់លោក ហ្សេលេនស្គី ដោយបន្ថែមថាកងទ័ព និងមន្ត្រីមួយចំនួនមកពី កូរ៉េខាងជើងកំពុងស្ថិតនៅក្នុងទឹកដីអ៊ុយក្រែន ដែលរុស្ស៉ីកំពុងកាន់កាប់រួចទៅហើយ។

ប៉ុន្តែខាងរុស្ស៉ីបានច្រានចោលការអះអាងបែបនេះ ហើយអំឡុងធ្វើសន្និសីទសារព័ត៌មានរួមគ្នា ជាមួយលោក ហ្សេលេនស្គី លោកប្រមុខអង្គការ NATO លោក Mark Rutte បាននិយាយថាមិនទាន់មានភស្តុតាងគ្រប់គ្រាន់អាចបញ្ជាក់ថាកងទ័ពកូរ៉េខាងជើងកំពុងប្រយុទ្ធ នៅអ៊ុយក្រែននោះទេ ប៉ុន្តែអ្វីដែលគេដឹង នោះគឺថាកូរ៉េខាងជើងកំពុងគាំទ្ររុស្ស៉ី។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗ កូរ៉េខាងត្បូងបានអះអាងថាកងទ័ពកូរ៉េខាងជើងមួយចំនួនកំពុងជួយរុស្ស៉ី នៅក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ហើយលោក ហ្សេលេនស្គី ក៏ធ្លាប់ បានបញ្ជាក់ពីវត្តមានកងទ័ពកូរ៉េខាងជើងនៅក្នុងសង្រ្គាមអ៊ុយក្រែនផងដែរ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ