ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា កូនអ្នកមានជីវភាពធូរធារ មិនប្រាកដថា ជោគជ័យនោះទេ បើពួកគេមិនខិតខំប្រឹងសិក្សារៀនសូត្រ និងពង្រឹងសមត្ថភាពខ្លួនឯង។

នាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់ និស្សិត នៃសាកលវិទ្យាល័យ លីមកុងវីង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា កូនអ្នកមានជីវភាពខ្វះខាត ឬកូនកសិករ បើមានការខិតខំរៀនសូត្រ មានសមត្ថភាព ក៏អាចក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិដែរ។

សម្ដេចធិបតី មានប្រសាសន៍ថា «អ្នកខ្លះកើតនៅគ្រួសារក្រីក្រនៅខេត្តឆ្ងាយ អ្នកខ្លះកើតមកជាកូនអ្នកធូរធារនៅក្រុង ប៉ុន្ដែមានឱកាសរៀនសូត្រ គឺអាចឲ្យបិទគម្លាត ភាពជោគជ័យរបស់ ឪពុក-ម្ដាយ មិនធានាជោគជ័យរបស់កូនទេ មិនមែនកើតមកយើងនៅក្នុងគ្រួសារក្រីក្រ បើគ្មានឱកាសអាហ្នឹងអាចលំបាក ប៉ុន្ដែបើមានឱកាសរៀនសូត្រដូចគ្នា គាត់អាចមានសមត្ថភាពមកសិក្សាបាន តស៊ូបាន រៀនសូត្រ បានអាហារូបករណ៍ ហើយកូនអ្នកមានជីវភាពធូរធារ មិនប្រាកដថាជោគជ័យទេ បើមិនខំប្រឹង (ប្រឹងរៀន)»។

សម្ដេចធិបតី បន្ដថា នៅតាមបណ្ដាញសង្គម អ្នកមានប្រវត្តលំបាក ឬកូនកំព្រៀ ឥឡូវមានសមត្ថភាពដឹកនាំអ្វីមួយ អ្នកដែលធ្លាប់ជាកូនចៅធូរធារ ក៏ធ្លាក់ខ្លួនដែរ រឿងនេះ មិនថា នៅកម្ពុជា ឬប្រទេសក្រៅ នោះទេ។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បន្តដាក់អាទិភាពធំណាស់ទៅលើការអភិវឌ្ឍធនធានមនុស្ស ដោយផ្ដោតសំខាន់ទៅលើ សុខភាព និងការអប់រំ។ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំត្រឹមតែជាអ្នកដាក់ចេញនូវគោលនយោបាយ គោលការណ៍ និងការផ្ដល់ការអនុគ្រោះដល់ការអប់រំ ប៉ុន្ដែអ្នកដែលចូលរួមដោយផ្ទាល់ ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យមានការរីកចម្រើនទៅបាន គឺជាគ្រឹះស្ថានសិក្សា ជាពិសេសគ្រឹះស្ថានឧត្តមសិក្សាដោយផ្ទាល់តែម្ដង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ