ក្រុមប្រឹក្សាជាតិស្តារឡើងវិញម៉ាឡេស៊ីជំរុញឱ្យមានការពន្លឿនការជួលពលករបរទេស ដែលតម្រូវឱ្យមានការដោះស្រាយក្នុងពេលឆាប់ៗ
ម៉ាឡេស៊ី៖ក្រុមប្រឹក្សាជាតិស្តារឡើងវិញ (NRC) បាននិយាយកាលពីថ្ងៃទី៣១ ខែតុលាថា កង្វះខាតពលករបរទេសត្រូវតែត្រូវបានដោះស្រាយ ក្នុងពេលឆាប់ៗនេះ។នាយកប្រតិបត្តិ NRC លោក តាន់ស្រ៊ី ស៊ូឡៃម៉ាន់ ម៉ាហ៍បប់ បាននិយាយថា មានពលករតែ ៧៦ ០០០នាក់ប៉ុណ្ណោះមកពីប្រទេសចំនួន១២ ដែលជាចំនួនតិចពេកបើប្រៀបធៀបទៅនឹងប្រាក់ពន្ធដែលបានបង់រួចចំនួន ៧១៣ ៨៩០រីងហ្គីតសម្រាប់កូតាដែលបានអនុម័តទៅលើពលករចំនួន ៤៦៧ ២២៣នាក់គិតត្រឹមថ្ងៃទី១២ ខែកញ្ញា។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានVNAចេញផ្សាយនៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២២។
លោកក៏បានប្រាប់អ្នកសារព័ត៌មានផងដែរថា ពួកគេចង់ឱ្យក្រសួងមហាផ្ទៃ និងធនធានមនុស្សពិនិត្យមើលដំណើរការជួលពលករបរទេស ព្រោះវិស័យជាច្រើនមានកម្រិតពឹង ផ្អែកខ្លាំង ទៅលើពលករទាំងនោះ ជាពិសេសវិស័យកសិកម្ម ផលិតកម្ម ទេសចរណ៍ សំណង់ និងការលក់រាយ។
លោកបាននិយាយថា ប្រទេសម៉ាឡេស៊ីត្រូវការលើកទឹកចិត្តឱ្យមានការវិនិយោគបន្ថែមទៀត ព្រោះវាផ្តល់ឱកាសការងារដល់មនុស្ស ក្នុងពេលដែលពាណិជ្ជកម្មធានាថាការ ស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសនេះនៅតែបន្ត ខណៈដែលសេដ្ឋកិច្ចម៉ាឡេស៊ីពឹងផ្អែកទៅលើពាណិជ្ជកម្មពិភពលោក។
លោកបានគូសបញ្ជាក់ផងដែរថា នៅក្នុងបរិបទនៃខ្សែសង្វាក់ផ្គត់ផ្គង់ដែលរងផលប៉ះពាល់ នេះ បានធ្វើឱ្យសកម្មភាពនាំចេញជាច្រើនត្រូវបានរំខានដោយសារជំងឺរាតត្បាតកូវីដ១៩។ ដូច្នេះ សហគ្រាសធុនតូច និងមធ្យម ត្រូវការការយកចិត្តទុកដាក់ជាពិសេសពីរដ្ឋាភិបាល៕SP