សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវគ្រប់ភាគីពាក់ព័ន្ធ ត្រូវរួមគ្នាបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ រហូតដល់សម្រេចបំណងចុងក្រោយ គឺសង្គមស្អាតស្អំ បវររុងរឿង
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យគ្រប់ក្រសួងស្ថាប័ន អាជ្ញាធរគ្រប់ជាន់ថ្នាក់ វិស័យឯកជន ប្រជាជន មហាជនទាំងអស់ គាំទ្រ និងសហការ ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបំពេញបេសកកម្មជាប្រវត្តិសាស្ត្របន្តទៀត រហូតដល់សម្រេចបំណងចុងក្រោយ គឺសង្គមស្អាតស្អំបវររុងរឿង ។
ការអំពាវនាវរបស់សម្ដេចធិបតីបែបនេះ ធ្វើឡើងតាមរយៈសារលិខិតអបអរសាទរទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ ៩ ធ្នូ ផ្ញើជូនជនរួមជាតិ ។
សម្ដេចធិបតី មានប្រសាសន៍ថា ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ កម្ពុជាមិនមែនជារដ្ឋតែឯង ដើម្បីបំពេញ នូវបេសកកម្មនេះឡើយ ។ សម្ដេច ថា សម្រាប់ក្នុងប្រទេសវិញ ក៏មិនមែនមានតែស្ថាប័នប្រឆាំងអំពើពុករលួយតែឯង ដែលបំពេញនូវបេសកកម្មប្រយុទ្ធប្រឆាំង អំពើពុករលួយនោះដែរ ។
សម្ដេច នាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា មកដល់អាណត្តិទី ៧ នេះ រាជរដ្ឋាភិបាល ដែលមានសម្ដេចជាប្រមុខក៏នៅតែបន្ត ហើយលើកកម្ពស់បន្ថែមទៀតនូវបាវចនា ៥ពាក្យនេះ ហើយប្រាកដ ណាស់ បើយើង ឆ្លុះកញ្ចក់-ងូតទឹក-ដុសក្អែល-ព្យាបាល និងវះកាត់ បានជាប្រចាំ សង្គមនិងមនុស្សម្នាក់ៗនឹងបន្តទទួលបានភាពស្អាតស្អំ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ព្រមទាំងក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសន្តិភាពរបស់កម្ពុជា ប៉ុន្តែឲ្យតែមានអ្វីមកប៉ះពាល់ប្រយោជន៍សាធារណៈ គឺត្រូវរារាំងភ្លាម ។
សម្ដេចធិបតី សង្កត់ធ្ងន់ថា «ក្រោមពាក្យស្លោក បម្រើផលប្រយោជន៍ប្រជាជនជាចម្បង៖ ផ្តល់សេវាសាធារណៈប្រកបដោយ តម្លាភាព ងាយស្រួល និងជឿទុកចិត្ត ពង្រឹងការបង្ការទប់ស្កាត់ សម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ សូមគ្រប់ក្រសួងស្ថាប័ន អាជ្ញាធរគ្រប់ជាន់ថ្នាក់ វិស័យឯកជន ប្រជាជន មហាជនទាំងអស់ គាំទ្រ និងសហការ ជាមួយរាជរដ្ឋាភិបាល ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ របស់យើងបន្តទៀត រហូតដល់សម្រេចបំណងចុងក្រោយរបស់យើង គឺសង្គមស្អាតស្អំបវររុងរឿង»៕