ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ប្រធានបទទិវាកុមារអន្តរជាតិ ១ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំនេះគឺ «ការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្ស ក្នុងយុគសម័យបរិវត្តកម្មឌីជីថល»។
ឧបនាយករដ្ឋមន្រ្តី ស សុខា បានមានប្រសាសន៍បន្ថែមថា ប្រធានបទដែលបានលើកឡើងនេះ គឺបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់កិច្ចការពារ និងរក្សាឧត្តមប្រយោជន៍របស់កុមារ ព្រោះថាកុមារ គឺជាធនធានដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះ បានឲ្យដឹងទៀតថា ការរៀបចំព្រឹត្តិការណ៍នៅថ្ងៃនេះគឺជាការបង្ហាញថាកម្ពុជា បាននិងកំពុងចូលរួមជាមួយនឹងបណ្តាប្រទេសនានាជុំវិញពិភពលោក ដើម្បីជំរុញដល់ការអនុវត្តសិទ្ធិកុមារ ទប់ស្កាត់អំពើហិង្សាលើកុមារ រួមទាំងចូលរួមបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅជុំវិញពិភពលោក និយាយជារួម និងនិយាយដោយឡែកកុមារនៅក្នុងប្រទេសកម្ពុជា។
ការលើកឡើងរបស់ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនាពេលនេះធ្វើឡើងក្នុងខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ១មិថុនា និងខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១មិថុនានិងទិវាកុមារកម្ពុជាឆ្នាំ២០២៤ នៅសាលមហោស្រពនៃមជ្ឈមណ្ឌល និងពិព័រណ៌កោះពេជ្រ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។
ឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា រាជរដ្ឋាភិបាលបន្តវេន ក៏ដូចជានៅអាណត្តិមុនៗដែរ ក៏បាន និងកំពុតែផ្តោតការយកចិត្តទុកដាក់ទៅលើការលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ ដោយធ្វើយ៉ាងណាឲ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ទទួលបានគុណភាព គុណតម្លៃ និងគុណធម៌ នៃការរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព ស្របតាមរដ្ឋធម្មនុញ្ញា និងគោលការណ៍នីតិរដ្ឋ ក៏ដូចជាអនុសញ្ញា និងពិធីសារនានាពាក់ព័ន្ធនឹងសិទ្ធិកុមារ៕EB