ភ្នំពេញ ៖ ប្រធានសមាជរដ្ឋសភា ព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងធ្ងន់ៗតបទៅនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីសម្ដេចទទួលដំណឹងថាថៃចង់ប្រើផែនទី១លើ៥០ពាន់លើការវាស់វែងព្រំដែនដោយចិត្តឯង ដោយសម្ដេចចាត់ទុកថាជាការប្រមាទ និងបោកបញ្ឆោតដ៏ទុច្ចរិត។ សម្ដេចតេជោបញ្ជាក់ថាព្រំដែនកម្ពុជា-ថៃត្រូវបើសន្និសញ្ញាបារាំង-សៀមឆ្នាំ ១៩០៤-១៩០៧។
ថ្លែងក្នុងប្រជុំសមាជរដ្ឋសភា ព្រឹទ្ធសភា នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ថាបានបញ្ជាក់ការប្រើប្រាស់ផែនទីដោយចិត្តឯងរបស់ថៃគឺជាការប្រឆាំងឯករាជ្យរបស់កម្ពុជា ហើយ«ផែនទីចោរ»នេះមិនគួរត្រូវប្រើម្ដងទៀតទេ។
សម្ដេច ថា «អ្នកមិនអាចនឹងគូរផែនទីផ្ដេសផ្ដាសហើយបំពានលើអធិបតេយ្យរបស់យើង យើងគ្រាន់តែធ្វើការដាស់តឿនចំពោះអ្នកប៉ុណ្ណោះ។ ចំពោះមុខប្រជាជាតិរបស់យើងៗមានតម្លាភាពចំពោះការប្រើប្រាស់ផែនទី។ ផែនទីចោរដែលឈ្លានពានយើងកាលពីឆ្នាំ២០០៨គឺមិនគប្បីត្រូវបានប្រើប្រាស់ទៀតទេ! យើងសូមប្រាប់អ្នកឱ្យបានដឹង»។
ជាព័ត៌មានចុងក្រោយដែល សម្ដេចតេជោ ទទួលបានគឺទាហានថៃបានជីកលេណដ្ឋាននៅទីតាំងជួរមុខរបស់គេ សម្ដេចបានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាកុំមានការស្លន់ស្លោ និងបន្តតាមដានពីស្ថានការណ៍ព្រំដែនបន្តទៀតដែរ។ សម្ដេចលើកទឹកចិត្តឱ្យបង្កើតមូលនិធិទ្រទ្រង់ជួរមុខដើម្បីបង្ហាញពីគាំទ្រ និងលើកទឹកចិត្តពីពលរដ្ឋជូនដល់កងទ័ពជួរមុខរបស់កម្ពុជា។
គួរឱ្យដឹងផងដែរថា បន្ទាប់ពីមានព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា ដែលថែបានឆ្មក់ចូលបាញ់ទាហានខ្មែរនៅតំបន់មុំ៣ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ធ្វើឱ្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃកើនឡើងកម្ដៅ ខណៈកម្ពុជាទាមទារឱ្យថៃទទួលខុសត្រូវចំពោះការស្លាប់របស់ទាហានកម្ពុជា និងថាយកករណីជម្លោះព្រំដែននេះឡើងទៅតុលាការអន្តរជាតិ ICJ នៅទីក្រុងឡាអេ ប្រទេសហូឡង់ផងដែរ៕