វៀតណាម ៖ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) របស់វៀតណាម VinFast បានពន្យារពេលការបើកដំណើរការរោងចក្រដែលគ្រោងទុកតម្លៃ ៤ពាន់លានដុល្លារនៅរដ្ឋ North Carolina របស់សហរដ្ឋអាម៉េរិកដល់ឆ្នាំ ២០២៨ ហើយកាត់បន្ថយការព្យាករណ៍ដឹកជញ្ជូនរបស់ខ្លួនសម្រាប់ឆ្នាំនេះចំនួន ២០ ០០០គ្រឿង ចំពេលមានភាពមិនច្បាស់លាស់នៅក្នុងទីផ្សារ EV ពិភពលោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានVNexpress នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៤។

ក្រុមហ៊ុន VinFast ដែលបង្កើតឡើងដោយមហាសេដ្ឋីវៀតណាមលោក Pham Nhat Vuongក្នុងឆ្នាំ២០១៧ ហើយបានងាកមកផលិតរថយន្តអគ្គិសនីពេញលេញនៅឆ្នាំ២០២២ បានបញ្ជាក់ថា ខ្លួននឹងចែកចាយរថយន្តចំនួន ៨០ ០០០ គ្រឿងនៅឆ្នាំ២០២៤នេះ ពោលគឺធ្លាក់ចុះពីផែនការដំបូងចំនួន ១០០ ០០០ គ្រឿង។

 ការលក់របស់ក្រុមហ៊ុនផលិតរថយន្ត EV របស់វៀតណាមបានកើនឡើង២៤ភាគរយ ពោលគឺដល់ចំនួនប្រហែល ១២០០០គ្រឿងក្នុងត្រីមាសទីពីរ បើធៀបនឹងរយៈពេលបីខែមុន។ សរុបមក VinFast លក់បាន ២១៧៤៧គ្រឿងក្នុងឆមាសទីមួយនៃឆ្នាំ២០២៤ កើនឡើង ៩២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលស្មើនឹងប្រហែលមួយភាគបួននៃការព្យាករណ៍ប្រចាំឆ្នាំថ្មី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ