ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសច្បាប់អាជ្ញាសឹកនៅទូទាំងប្រទេទេស ព្រមទាំងចោទប្រកាន់ក្រុមប្រឆាំងបានឃុបឃិតជាមួយកូរ៉េខាងជើង
កូរ៉េខាងត្បូង ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្រកាសដាក់ច្បាប់អាជ្ញាសឹកជាបន្ទាន់នៅទូទាំងប្រទេស នៅយប់ថ្ងៃអង្គារនេះដោយចោទប្រកាន់ក្រុមប្រឆាំង ពីបទប្រឆាំងរដ្ឋ និងឃុបឃិតជាមួយកូរ៉េខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។
លោក Yoon Suk Yeol បានបញ្ជាក់ថា ច្បាប់អាជ្ញាសឹក គឺជាវិធានការចាំបាច់ដើម្បីការពារប្រទេស និងលុបបំបាត់ក្រុមប្រឆាំង។ តាមរយៈសុន្ទរកថាតាមទូរទស្សន៍ ដែលមិនមានការប្រកាសជាមុន លោក Yoon បានប្រកាសថា «ខ្ញុំសូមប្រកាសច្បាប់អាជ្ញាសឹក ដើម្បីការពារសាធារណរដ្ឋកូរ៉េសេរី ពីការគំរាមកំហែងរបស់កងកម្លាំងកុម្មុយនិស្តកូរ៉េខាងជើង» និងក្រុមប្រឆាំង ដែលលោកចោទថា ជា «កងកម្លាំងប្រឆាំងរដ្ឋ» ដែលកំពុងបំផ្លាញសេរីភាព និងសុភមង្គល របស់ប្រជាជន និងរដ្ឋធម្មនុញ្ញ។
លោក Yoon បានបន្ថែមថា លោកនឹងកសាងប្រទេសសេរី និងប្រជាធិបតេយ្យឡើងវិញ តាមរយៈច្បាប់អាជ្ញាសឹក។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់លម្អិត អំពីវិធានការជាក់លាក់ ដែលនឹងត្រូវអនុវត្តនោះទេ៕