ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រាប់ប្រជាពលរដ្ឋខ្មែរ ថា រាជរដ្ឋាភិបាលកម្ពុជា ធ្វើអ្វីមួយតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយចំពោះគម្រោងព្រែកជីកហ្វូណនតេជោ នឹងបន្ដធ្វើឲ្យលិចចេញជារូបរាង ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។

នាឱកាសអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋខ្មែរ បានចូលរួមសាទរយ៉ាងកងរំពងចំពោះព្រឹត្តិការណ៍បើកការដ្ឋានព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃម្សិលមិញនេះ។

សម្ដេចធិបតី បន្ដថា គម្រោងព្រែកជីកហ្វូណនតេជោ  មានប្រជាពលរដ្ឋខ្មែរមួយចំនួន មានការសង្ស័យលើសមត្ថភាពការដឹកនាំរបស់ជាតិខ្លួនឯង ថា បរទេសជាអ្នកសាងសង់ ការពិតភាគច្រើន គឺជាស្នាដៃរបស់កូនខ្មែរ ក្នុងការកសាងព្រែកជីកនេះ ដូច្នេះរាជរដ្ឋាភិបាលត្រូវតែធ្វើគម្រោងនេះ ឲ្យបានចេញ ដើម្បីបញ្ចប់មន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋខ្មែរ ហើយធ្វើដើម្បីផលប្រយោជន៍ជាតិខ្មែរ។

សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «បងប្អូនភាគទិត ឬភាគច្រើន ដែលគាំទ្រ ឬមិនគាំទ្រ នៅតែជាខ្មែរ មានសិទ្ធិក្នុងការបញ្ចេញទស្សនៈរបស់ខ្លួន កង្វល់ និងការមន្ទិលសង្ស័យ ប៉ុន្ដែវាជាសិទ្ធិរបស់យើង និងការជាកាព្វកិច្ចរបស់យើង។ រាជរដ្ឋាភិបាលធ្វើអ្វីមួយ គឺយើងមានតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយយើងនៅបន្ដធ្វើគម្រោងនេះ (គម្រោងព្រែកជីក) ដើម្បីឲ្យលិចចេញជារូបរាង ដើម្បីឲ្យផលប្រយោជន៍ជាតិរបស់យើង ប្រជាជនយើង ទាំងអ្នកគាំទ្រ ទាំងអ្នកនៅស្រពិចស្រពើ បានឃើញជាក់ស្ដែងថា គម្រោងនេះ ក្រៅពីលើកកម្រិត ឯករាជ្យភាពរបស់កម្ពុជា ក្នុងវិស័យដឹកជញ្ជូន ការគ្រប់គ្រងអធិបតេយ្យភាព របស់យើងកាន់តែរឹងមាំ»។

 

សម្ដេច បន្ដថា អារម្មណ៍ក្នុងការខ្លាចបាត់បងផលប្រយោជន៍ជាតិ ត្រូវតែមានសម្រាប់កូនខ្មែរគ្រប់ៗគ្នា ប៉ុន្ដែដើម្បីឲ្យធានាថា កុំចាំអង្គុយព្រួយបារម្មខ្លាចបាត់អធិបតេយ្យភាព គឺត្រូវតែគិតគូរដើម្បីពង្រឹងខ្លួនឯង នេះជាកិច្ចការសំខាន់ ហើយរាជរដ្ឋាភិបាល ត្រូវដាក់ចេញគោលនយោបាយពង្រឹងខ្លួនឯង ទាំងគ្រប់វិស័យ ទាំងវិស័យអប់រំ វិស័យសុខភាព ទាំងសមត្ថភាពម្ចាស់ការខ្លួឯង នៅក្នុងការធ្វើផែនការ ការកសាងអភិវឌ្ឍគ្រប់ខេត្ត ក្រុង គឺកូនខ្មែរជាធ្វើ។

សូមរំលឹកថា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវ អញ្ជើញបើកការដ្ឋានជាផ្លូវការ នូវគម្រោង ព្រែកជីកហ្វូណនតេជោ។ គម្រោង ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងមួយដ៏ធំមហិមា និង មានលក្ខណៈជាយុទ្ធសាស្រ្តពិសេស ដែលសាងសង់ឡើងក្នុងគោលដៅលើកកម្ពស់សកម្មភាពដឹកជញ្ជូនទំនិញ កសិផល និងភ្ញៀវទេសចរ គ្រប់គ្រងទឹកជំនន់ និង គរោះរាំងស្ងួត រួមទាំងពង្រឹងឯករាជ្យភាព អធិបតេយ្យភាព និងពង្រីកឧត្តមភាពនៃការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាផ្ទាល់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ