សម្តេចធិបតី ហ៊ុន ម៉ាណែត លោកជំទាវបណ្ឌិត អញ្ជើញបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម
សៀមរាប ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី បញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
ស្ថាបត្យកម្មគម្រោង ប្លង់ស្ថាបត្យកម្មរចនាបទខ្មែរ មានទំហំបណ្តោយ ៣៤ម៉ែត្រ ទទឹង២៦.៦ម៉ែត្រ កម្ពស់ពីរជាន់ (ជាន់ផ្ទាល់ដី និង ជាន់ទីមួយ) គូសដោយមន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា ដោយមានការឯកភាពពី សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម។ អត្ថប្រយោជន៍ នៃសារមន្ទីរវត្តរាជបូណ៌ គឺរួបរួមកម្លាំងជាតិតែមួយ ដើម្បីការពារសម្បត្តិបេតិកភណ្ឌជាតិ រវាងស្ថាប័នពុទ្ធចក្រ និងអាណាចក្រ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកកាន់តំបន់រមណីយដ្ឋាន នៃប្រទេសកម្ពុជា។
សូមជម្រាបថា ព្រះរាជាណាចក្រកម្ពុជា ពោរពេញទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សំបូរបែប តាមរយៈវត្ថុ សិល្បៈ ប្រាសាទបុរាណ និងសិលាចារឹក ជាដើម។ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម បានប្រមូលវត្ថុទាំងនោះពីគ្រប់ទីកន្លែង ដើម្បីថែរក្សាទុកតាមរយៈប្រជាពលរដ្ឋប្រគេនជាដើម។
បច្ចុប្បន្ន វត្ថុសិល្បៈសរុបប្រមាណ២៥៧៥វត្ថុ មានអាយុកាលចាប់ពីសម័យបុរេប្រវត្តិ រហូតដល់សម័យក្រោយអង្គរ ត្រូវបានប្រមូលរក្សាទុកនៅវត្តរាជបូណ៌ ខេត្តសៀមរាប។ សម្តេចសព្វព្រះទ័យប្រគល់វត្ថុទាំងនោះជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីទុកជាសម្បត្តិវប្បធម៌របស់ជាតិ ដោយព្រះអង្គមានបំណងស្នើសុំត្រឹមសាង សង់សារមន្ទីរមួយ នៅក្នុងវត្តរាជបូណ៌ ដើម្បីតាំងបង្ហាញវត្ថុសិល្បៈ ជូនសាធារណជនចូលទស្សនា និងស្វែងយល់។
គោលបំណងនៃការសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ដើម្បីបំផុសស្មារតីឲ្យសិស្សានុសិស្ស អ្នកស្រាវជ្រាវ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្រលាញ់ ថែរក្សា ការពារសម្បត្តិវប្បធម៌ជាតិ លើកតម្កើង ទំនៀមទំលាប់ ប្រពៃណីដ៏ល្អផូរផង់។ រក្សាទុកវត្ថុបុរាណសាងពីដីដុត លោហៈ អង្កាំ ឈើ ឆ្អឹង ភ្លុក ថ្ម សរុបប្រមាណ២៥៧៥វត្ថុ មានអាយុកាលចាប់ពីសម័យបុរេប្រវត្តិ រហូតដល់សម័យក្រោយអង្គរ៕