តាកែវ ៖ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលថា ការដាំដើមឈើ គឺមានផលប្រយោជន៍ធំធេងណាស់ សម្រាប់ប្រទេសជាតិ ធ្វើឲ្យមានគម្របបៃតងលើធម្មជាតិ ហើយក៏មានអត្ថប្រយោជន៍ សម្រាប់មនុស្សជាតិទាំងអស់ និងសត្វគ្រប់ប្រភេទលើភពផែនដី ។

ក្នុងឱកាសយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធី «រុក្ខទិវា» លើកទី២៩ ស្ថិតនៅស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើបន្ទាយអង្គរ ភូមិខ្នា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នៅព្រឹកថ្ងៃ៩ កក្កដា ព្រះមហាក្សត្រមានព្រះរាជបន្ទូលអរគុណចំពោះប្រទេសជាមិត្ត និងអង្គការជាតិ-អន្តរជាតិ នានា បានចូលរួមគាំទ្រដល់ការងារដាំដើមឈើ និងការថែរក្សាការពារ ធនធានព្រៃឈើ-សត្វព្រៃ និងអំពាវនាវឲ្យបន្តសកម្មភាពដ៏ថ្លៃថ្លាទាំងនេះ ដើម្បីជួយគាំទ្រ កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជាប្រយោជន៍ដល់ពិភពលោកទាំងមូល។

បន្ថែមពីនេះ ព្រះករុណាទ្រង់ បានមានព្រះរាជបន្ទូល អរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលព្រៃឈើ និងរដ្ឋបាលខេត្តតាកែវ ដែលបានយកចិត្តទុកដាក់ សហការយ៉ាងល្អប្រសើរ ជាមួយក្រសួងព្រះបរមរាជវាំង និងគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ក្នុងការរៀបចំពិធីរុក្ខទិវាក្នុងខេត្តតាកែវនេះ ប្រកបដោយជោគជ័យ។

ព្រះមហាក្សត្រទ្រង់មានព្រះរាជបន្ទូលយ៉ាងដូច្នេះថា «ខ្ញុំព្រះករុណា ខ្ញុំ សូមឧទ្ទិសឲ្យពិធីរុក្ខទិវានេះ ស្ថិតក្នុងបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នា ដាំដើមឈើគ្រប់ប្រភេទ និងការថែរក្សា ការពារ និងអភិវឌ្ឍធនធានព្រៃឈើ និងសត្វព្រៃដែលជាមរតកជាតិ របស់យើងឲ្យបានគង់ វង្សរហូតតទៅ ។ ការដាំដើមឈើ គឺមានផលប្រយោជន៍ធំធេងណាស់ សម្រាប់ប្រទេសជាតិយើង ដែលធ្វើឲ្យមានគម្របបៃតង លើធម្មជាតិ ហើយមានអត្ថប្រយោជន៍សម្រាប់មនុស្សជាតិទាំងអស់គ្នា និងសត្វគ្រប់ប្រភេទនៅលើភពផែនដីយើងនេះ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ