អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក  Volodymyr Zelenskiy បាននិយាយថា អ៊ុយក្រែនបានបើកការលុកលុយចូលទឹកដីរុស្ស៊ី ដើម្បីស្តារយុត្តិធម៌ និងដាក់សម្ពាធលើកងកម្លាំងរបស់រដ្ឋធានីម៉ូស្គូ។ កងទ័ពអ៊ុយក្រែនបានវាយរុលទៅដល់ចម្ងាយ ៣០ គីឡូម៉ែត្រនៅខាងក្នុងប្រទេសរុស្ស៊ី ដែលជាការលុកលុយចូលជ្រៅបំផុត ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ ២០២២។

លោក ហ្សេឡេនស្គី បាននិយាយថា«ថ្ងៃនេះ ខ្ញុំបានទទួលរបាយការណ៍ជាច្រើនពីអគ្គមេបញ្ជាការ ស៊ីរស្គី ទាក់ទងនឹងតំបន់ជួរមុខ និងសកម្មភាពរបស់យើងក្នុងការរុញច្រានសង្រ្គាមទៅកាន់ទឹកដីរបស់អ្នកឈ្លានពាន»។ លោក ហ្សេឡេនស្គី បន្ថែមថា៖«អ៊ុយក្រែនកំពុងតែបង្ហាញថាវាពិតជាអាចស្ដារយុត្តិធម៌ឡើងវិញ ហើយកំពុងធានានូវសម្ពាធជាក់លាក់លើអ្នកឈ្លានពាន»។ លោកថា ការវាយប្រហាររាប់ពាន់លើទឹកដីរបស់អ៊ុយក្រែន ដែលបានចាប់ផ្តើមពីតំបន់ Kursk របស់រុស្ស៊ី សមនឹងទទួលបានការឆ្លើយតបដោយយុត្តិធម៌។

បេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់រដ្ឋធានីមូស្គូ ក៏បានបញ្ជូនកងទ័ពបន្ថែមទៀតទៅកាន់ព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន ដោយចោទប្រកាន់រដ្ឋធានីពីបទរំលោភលើលំហអាកាសរបស់ខ្លួន។ បន្ថែមពីនោះ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ខ្លួនបានកម្ទេចយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ១៤ គ្រឿង និងមីស៊ីលផ្លោងយុទ្ធសាស្ត្រ Tochka-U ចំនួន ៤ គ្រាប់ពេញមួយយប់លើតំបន់ Kursk និងយន្តហោះគ្មានមនុស្សបើកចំនួន ១៨ គ្រឿងលើតំបន់ផ្សេងទៀតរបស់រុស្ស៊ីដែលអ៊ុយក្រែនវាយប្រហារជាញឹកញាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ