ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់អ្នកបញ្ជាយានយន្ត ត្រូវគោរពច្បាប់ចរាចរណ៍បានខ្ជាប់ខ្ជួន និងចូលរួមផ្ដល់កិច្ចសហការឲ្យបានល្អជាមួយកម្លាំងសមត្ថកិច្ច បន្ទាប់ពីមានមន្ដ្រីនគរបាលម្នាក់ ឋានៈជាអនុប្រធាននាយកដ្ឋាន មិនសហការឲ្យត្រួតពិនិត្យជាតិអាល់កុល។

ផ្អែកតាមរបាយការណ៍ពី ឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នពេញ ថា នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចគោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ពេលយប់ ត្រង់ចំណុចរង្វង់មូល សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត ក្នុងសង្កាត់ចតុម្មុខ ខណ្ឌដូនពេញ មានករណីមន្រ្តីនគរបាលម្នាក់ ឈ្មោះ យ៉ាន ប៊ុនថន ជាអនុប្រធាននាយកដ្ឋាន បានបើករថយន្តម៉ាកឡង់គ្រីស័រ ពាក់ផ្លាកលេខភ្នំពេញ 2L-8668 ក្នុងអាការៈស្រវឹង។

 

ដោយឃើញស្ថានភាពដូច្នេះ សមត្ថកិច្ច បានអនុវត្តនីតិវិធីត្រួតពិនិត្យជាតិអាល់កុល ក៏ប៉ុន្តែលោក មិនព្រមសហការទេ ផ្ទុយទៅវិញបែរជាយកទូរសព្ទព្យាយាមថតកម្លាំងនគរបាលជានារី។ កម្លាំងនគរបាលបានព្យាយាមពន្យល់ម្ដងហើយម្ដងទៀតឱ្យសហការ និងបានហាមឃាត់កុំឱ្យថត តែបុគ្គលនេះនៅតែជជែងតវ៉ា រហូតដល់បានយកដៃរុញដើមទ្រូងនគរបាលនារី ក៏នាំឱ្យកើតមានការប្រតាយប្រតប់។ ភ្លាមនោះ កម្លាំងនគរបាល ក៏បង្ខំចិត្តចាប់ជននោះវាយខ្នោះ និងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ  ដើម្បីអនុវត្តតាមនីតិវិធី។ ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានត្រួតពិនិត្យឃើញបុគ្គលនេះ មានជាតិអាល់កុល កម្រិត 0,52 មីលីក្រាមក្នុង១លីត្រខ្យល់។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា នៅថ្ងៃទី២២ មីនា នេះ លោកឧបនាយករដ្ឋមន្ដ្រី ពិតជាមានសេចក្ដីសោកស្ដាយជាពន់ពេកចំពោះករណីនេះ ជាពិសេសនៅពេលដែលអ្នកបញ្ជារថយន្តជានគរបាលជាតិ មានឋានៈជាអនុប្រធាននាយកដ្ឋានទៅទៀត។ លោក ធ្លាប់បញ្ជាក់ច្បាស់ថា មនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ដែលហៅថា «សមភាពចំពោះមុខច្បាប់»។ សម្រាប់ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចគ្នាដែរ គឺជនគ្រប់រូបដែលប្រព្រឹត្តខុសច្បាប់ នឹងត្រូវទទួលការអនុវត្តច្បាប់ដោយគ្មានយល់យោគ។ ជាក់ស្ដែងករណីខាងលើនេះ បានបង្ហាញច្បាស់ហើយថា ប្រសិនបើអ្នកបើកបរទាំងឡាយមិនព្រមផ្ដល់កិច្ចសហការ តួយ៉ាងការត្រួតពិនិត្យជាតិអាល់កុល កម្លាំងសមត្ថកិច្ចនឹងប្រើសិទ្ធិចាប់ឃាត់ខ្លួន ឬវាយខ្នោះបើប្រតិកម្មតប រួចបញ្ជូនទៅកាន់ការិយាល័យដើម្បីបន្តនីវិធី។ 

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ដ្រី ក៏ធ្លាប់បានរម្លឹកម្ដងហើយម្ដងទៀតថា មន្រ្តីរាជការស៊ីវិលក្ដី មន្រ្តីនគរបាលជាតិក្ដី មន្រ្តីពន្ធនាគារក្ដី ពួកយើងមិនត្រឹមតែមានតួនាទី និងភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋនោះទេ ប៉ុន្តែពួកត្រូវតែមានស្មារតីចូលរួមផ្ដល់ភាពជាគម្រូនៃការអនុវត្តច្បាប់ និងជាគម្រូនៃការប្រព្រឹត្តអំពើល្អក្នុងសង្គមផងដែរ។

លោកឧបនាយករដ្ឋមន្ដ្រី បានអំពាវនាវដល់ជនរួមជាតិ ជាពិសេសបងប្អូនដែលនិយមពិសារគ្រឿងស្រវឹង មិនថាពេលថ្ងៃ ឬពេលយប់ សូមមេត្តាទទួលទានប្រកបដោយការទទួលខុសត្រូវ ហើយញាតិមិត្ត និងក្រុមគ្រួសារ សូមចូលរួមក្រើនរំលឹក បញ្ចៀស និងហាមឃាត់កុំឱ្យអ្នកទាំងនោះបញ្ជាយានយន្តទាំងក្នុងអាការៈស្រវឹង។ ទន្ទឹមគ្នានេះដែរ លោកឧបនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ខ្ញុំសូមឲ្យអ្នកបញ្ជាយានយន្តទាំងឡាយ គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងចូលរួមផ្ដល់កិច្ចសហការឱ្យបានល្អជាមួយកម្លាំងសមត្ថកិច្ច»។ 

លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា «ខ្ញុំក៏សូមរម្លឹកដល់កម្លាំងសមត្ថកិច្ចគ្រប់គោលដៅអនុវត្តច្បាប់ចរាចរណ៍ ត្រូវប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនតាមប្រកាសស្ដីពីវិន័យកងកម្លាំងនគរបាលជាតិ ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។ ជាពិសេសត្រូវរក្សាភាពអត់ធ្មត់ និងមានសីលធម៌ល្អជាមួយប្រជាពលរដ្ឋ ស្របតាមពាក្យស្លោកដែលយើងបានប្ដេជ្ញាចិត្តរួមគ្នាថា អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»។


លោកឧបនាយករដ្ឋមន្ដ្រី ក៏កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរដែនដី កងកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថ និងជារួមសមត្ថកិច្ចចម្រុះ ដែលតែងតែលះបង់កម្លាំងកាយចិត្ត ពេលវេលាសម្រាប់គ្រួសារ ចុះគោលដៅក្ដី ឬបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ គោរពច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងស្មារតីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ ទាំងយប់ទាំងថ្ងៃ ទាំងក្ដៅទាំងត្រជាក់ ទាំងខ្យល់ទាំងភ្លៀង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ