លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធចាន់អូចា ឈរឈ្មោះប្រកួតប្រជែងបោះឆ្នោតនៅថ្ងៃទី១៤ ខែឧសភាខាងមុខ
ថៃ៖ លោកនាយករដ្ឋមន្រ្តីថៃប្រាយុទ្ធ ចាន់អូចា ត្រូវបានតែងតំាងជាបេក្ខជនសម្រាប់ឈរឈ្មោះឱ្យគេបោះឆ្នោតឡើងវិញសម្រាប់គណបក្សរបស់លោកកាលពីចុងសប្តាហ៍កន្លងទៅ ដើម្បីធ្វើការប្រកួតប្រជែងសម្រាប់ការបោះឆ្នោតជាតិ ដែលគេកំណត់នឹងធ្វើឡើងនៅថ្ងៃទី១៤ខែឧសភា ខាងមុខនេះ។
លោកឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា មានអាយុ៦៩ឆ្នំាហើយ លោកបានឈរឈ្មោះជាបេក្ខភាពសម្រាប់ប្រជែងតំណែងនាយករដ្ឋមន្រ្តីឱ្យគណបក្សជាតិថៃរួបរួមគ្នាថ្មី(United Thai Nation Party)។តាមសេចក្តីរាយការណ៍ដដែលបានលើកឡើងបន្ថែមទៀតថា គណបក្សរបស់លោកប្រាយុទ្ធ ចាន់អូចា ទំនងជានឹងប្រឈមការប្រកួតប្រជែងខ្លំាងជាមួយនឹងគណបក្សភឿថៃរបស់កូនស្រីអតីតនាយករដ្ឋមន្រ្តីថាក់ស៊ីនស៊ីណាវ៉ាត់។
ឧត្តមសេនីយ៍យោធាជើងចាស់រូបនេះ បានដាក់ក្តីសង្ឃឹមដើម្បីបំបាក់គូប្រកួតម្ខាងទៀត ដោយរំពឹងថាអាចនឹងឈ្នះមួយក្តារទៀត តាមរយៈការសន្យារបស់ខ្លួនលើការជំរុញឱ្យមានសុខុមាលភាពពលរដ្ឋ រួមទំាងស្ថេរភាពជាតិ ហើយនិងប្តេជ្ញាការពាររាជបល្ល័ង្កជាដើម។ការលើកឡើងរបស់លោកប្រាយុទ្ធចាន់អូចា បានធ្វើឡើងនៅក្នុងពិធីជួបសមាជិកគណបក្ស ដោយលោកបានដាក់ចេញនូវខ្សែបន្ទាត់នយោបាយសម្រាប់បេក្ខភាពឈរតាមមណ្ឌលបោះឆ្នោតប្រមាណជា៤០០មណ្ឌល។
លោកឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា បានឡើងកាន់អំណាចកាលពីឆ្នំា២០១៤ នៅពេលដែលក្រុមយោធារបស់លោកបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិល ហើយក្រោយមកទៀតបានជាប់ការជ្រើសរើសជាមេដឹកនំាស៊ីវិលក្នុងឆ្នំា២០១៩៕