ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឱ្យដឹងថា ប្រជាពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនីមិនបំភាយឧស្ម័នពុលទៅក្នុងបរិយាកាស និងមានសំឡេងស្ងាត់ល្អ ខណៈពន្ធនាំចូលរថយន្តអគ្គិសនីនេះ ក៏មានតម្លៃទាបជាងពន្ធនាំចូល នៃរថយន្តប្រើប្រេងឥន្ធនៈ ផងដែរ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) មានទីតាំងស្ថិត នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី១៤ កញ្ញា លោក ស៊ុន ចាន់ថុល បានលើកឡើងពីការកើនឡើងគួរឱ្យកត់សម្គាល់ នៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២២ មានរថយន្តអគ្គិសនីចំនួន ៣០៥គ្រឿង បានចុះបញ្ជី ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានការកើនឡើងប្រមាណ១៨០៦% ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការយល់ដឹង និងការគាំទ្ររបស់ប្រជាពលរដ្ឋលើការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។
លោក បានបញ្ជាក់ថា «ការប្រើប្រាស់រថយន្តអគ្គិសនីមានគុណសម្បត្តិល្អច្រើនជាងរថយន្តប្រើប្រេងឥន្ធនៈ ដោយពន្ធនាំចូលលើរថយន្តអគ្គិសនីនេះមានតម្លៃទាបជាងពន្ធនាំចូលនៃរថយន្តប្រើប្រេងឥន្ធនៈ។ ម្យ៉ាងវិញទៀតការប្រើប្រាស់រថយន្តអគ្គិសនីចំណេញថាមពលច្រើនជាងរថយន្តប្រើប្រេងឥន្ធនៈដល់ទៅ៣ដង ចំណែកការជួសជុលថែទាំមានការចំណាយតិចដោយសារគ្រឿងបន្លាស់រថយន្តអគ្គិសនីមានចំនួនតិច ជាពិសេសជាងនេះទៀត ការប្រើប្រាស់រថយន្តអគ្គិសនីមិនបំភាយឧស្ម័នពុលទៅក្នុងបរិយាកាស និងមានសំឡេងស្ងាត់ល្អផងដែរ»។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងបានដាក់ឱ្យដំណើរការនូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គីសនីបានចំនួន៣ទីតាំង ក្នុងនោះ៖ ទីតាំងទី១ ស្ថិតនៅក្នុងទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ទីតាំងទី២ស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២កន្លងទៅ និងទីតាំងលើកទី៣ស្ថិតនៅក្នុងក្រុងសៀមរាប នាពេលនេះ។ ក្រសួង នឹងដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីទី៤ នៅខេត្តបាត់ដំបង ដែលជាជំនួយរបស់អង្គការ UNDP ដើម្បីជំរុញលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា៕