សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជាបានប្រកាសជូនដំណឹងស្តីពីការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលគ្រោងនឹងធ្វើឡើងរយៈពេលពីរថ្ងៃ ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។
កញ្ញា សួង ចាន់តូរ៉ាទី អគ្គលេខាធិការស្តីទី សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជាបញ្ជាក់នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះថា ការប្រកួតកីឡាសីដក់ជើងឯកថ្នាក់ជាតិនេះមាន៣វិញ្ញាសា គឺវិញ្ញាសា ៣នាក់ ទល់ ៣នាក់បុរស, ២នាក់ ទល់ ២នាក់បុរស និងវិញ្ញាសានារី ២នាក់ ទល់ ២នាក់ ក្រោមការសហការពីក្រសួងអប់រំ យុវជន និងកីឡា។ ការទទួលពាក្យចូលរួមប្រកួត នឹងត្រូវបញ្ចប់នៅល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះហើយៗនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នឹងប្រជុំចាប់ឆ្នោតបែងចែកការប្រកួត នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
នៅក្នុងការប្រកួតនេះ ភាគច្រើនគឺជាក្រុមជម្រើសជាតិចូលរួមប្រកួតប្រជែង ក៏ដូចជាបង្កើនគុណភាពរបស់ខ្លួន ត្រៀមចូលរួមប្រកួតប្រជែងមេដាយនៅក្នុងការប្រកួតស៊ីហ្គេម លើកទី៣១ នាអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសវៀតណាម។ សម្រាប់ក្រុមជម្រើសជាតិ ត្រៀមស៊ីហ្គេម នៅប្រទេសវៀតណាម ក៏ត្រូវពិនិត្យមើលលើការប្រកួតជើងឯកថ្នាក់ជាតិមួយនេះសិនដែរ ដើម្បីត្រៀមបញ្ជូលសមាសភាពកីឡាករ ដែលមានគុណផលបច្ចេកទេសខ្ពស់ៗ។
សូមរំឭកថា សីដក់កម្ពុជា គឺជាប្រភេទកីឡាសក្តានុពលមួយ នៅក្នុងចំណោមប្រភេទកីឡាសក្តានុពលផ្សេងៗទៀត ដែលធ្លាប់ដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ នៅក្នុងស៊ីហ្គេម នាពេលកន្លងមក ជាពិសេសនៅក្នុងការប្រកួតស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០២១៩ ប្រភេទកីឡាសីដក់កម្ពុជាដណ្តើមបានមេដាយប្រាក់១លើវិញ្ញាសាទាត់សីចូលកន្រ្តក៕ SP