រុស្ស៊ី ៖ សហរដ្ឋអាមេរិកបានបដិសេធផ្តល់ទិដ្ឋាការដល់អ្នកសារព័ត៌មាន ដែលចង់ផ្សព្វផ្សាយដំណើររបស់រដ្ឋមន្ត្រីការបរទេស លោក Sergey Lavrov ទៅកាន់ទីក្រុងញូវយ៉ក ខណៈលោក ឡាវរ៉ូវ ប្តេជ្ញាចាត់វិធានការឆ្លើយតបយ៉ាងខ្លាំងក្លា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា បញ្ហានេះបានកើតឡើងបន្ទាប់ពីមានភាពតានតឹងកាន់តែខ្លាំងជាមួយទីក្រុងវ៉ាស៊ីនតោន ជុំវិញការចាប់ខ្លួនអ្នកយកព័ត៌មានរបស់កាសែត Wall Street Journal លោក អ៉ីវ៉ាន ជឺសកូវ៉ិក (Evan Gershkovich) កាលពីខែមីនា ដែលរុស្ស៉ីចោទប្រកាន់ពីបទចារកម្ម ខណៈអាមេរិកថាការឃុំខ្លួនអ្នកកាសែតរូបនេះគឺជារឿងខុសឆ្គង។


មុនពេលធ្វើដំណើរចាកចេញពីទីក្រុងមូស្គូ លោក ឡារ៉ូវ បានគូសបញ្ជាក់ថា «ប្រទេសដែលហៅខ្លួនឯងថាជាប្រទេសខ្លាំងបំផុត ឆ្លាតបំផុត មានសេរី និងយុត្តិធម៌ (សហរដ្ឋអាមេរិក) កំពុង ដើរចេញពីអ្វីដែលខ្លួនធ្លាប់ធានាការពារសេរីភាពនៃការបញ្ចេញមតិ និងការទទួលបានព័ត៌មាន។ ប្រាកដណាស់ថា យើងនឹងចងចាំមិនភ្លេច ហើយមិនអត់ឱនទោសឲ្យឡើយ»។ ចំណែក ក្រសួងការបរទេសសហរដ្ឋអាមេរិកនៅមិនទាន់មានការឆ្លើយតបភ្លាមៗទេ ជុំវិញការអត្ថាធិប្បាយនេះ។


គិតចាប់តាំងពីរុស្ស៉ីបញ្ជូនទាហានចូលទឹកដីអ៊ុយក្រែន អ្នកកាសែតលោកខាងលិចជាច្រើននាក់បានចាកចេញពីទីក្រុងមូស្គូជាបន្តបន្ទាប់។ បច្ចុប្បន្នរុស្ស៉ី តម្រូវឲ្យអ្នកសារព័ត៌មានបរទេស បន្តទិដ្ឋាការ និងត្រូវមានការទទួលស្គាល់ជារៀងរាល់ ៣ខែម្តង ដែលកាលពីមុនធ្វើឡើង ១ឆ្នាំម្តង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ