អាមេរិក ៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថាលោកផ្ទាល់កំពុង ប្រឈមមុខនឹងការចោទប្រកាន់ពីការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ជុំវិញការកាន់កាប់ឯកសារសម្ងាត់ជាតិដោយខុសច្បាប់ និងបង្កឧបសគ្គដល់ការស្វែងរកយុត្តិធម៌។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣។


លោក ដូណាល់ ត្រាំ បានសរសេរដូច្នេះថា «ខ្ញុំត្រូវបានគេកោះហៅ ឱ្យបង្ហាញខ្លួន នៅចំពោះមុខតុលាការសហព័ន្ធក្នុងទីក្រុង ម៉ៃអាមី កាលពីថ្ងៃអង្គារ។ ខ្ញុំមិនដែលគិតទាល់តែសោះថារឿងបែបនេះអាចនឹងកើតឡើងមកលើ អតីតប្រធានាធិបតីម្នាក់របស់សហរដ្ឋអាមេរិក»។ លោក ត្រាំ បន្ថែមថា «ខ្ញុំជាមនុស្សស្អាតស្អំ ហើយខ្ញុំក៏មិនបានប្រព្រឹត្តទោសកំហុសអ្វីនោះដែរ»។


គួរបញ្ជាក់ថា ក្រសួងយុត្តិធម៌អាមេរិក បាន និងកំពុងស៊ើបអង្កេតស្វែរការពិតថាតើលោក ដូណាល់ ត្រាំ ពិតជាបានកាន់កាប់ឯកសារសម្ងាត់ជាតិខុសច្បាប់ ដែរឬក៏យ៉ាងណា បន្ទាប់ពីចាកចេញពីសេតវិមានកាលពីឆ្នាំ២០២១ ក្រោយចាញ់លោក ចូ បៃដិន ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០២០។ក្រុមអ្នកស៊ើបអង្កេតបានរឹបអូសឯកសារប្រហែលជា ១៣,០០០ច្បាប់ ពីភូមិគ្រឹះ Mar-a-Lago របស់លោក ត្រាំ ក្នុងរដ្ឋផ្ល័រីដា កាលពីជិតមួយឆ្នាំមុន ហើយក្នុងចំណោមឯកសារទាំងនោះ មានរាប់រយច្បាប់ ត្រូវបានចាត់ទុកជាឯកសារសម្ងាត់បំផុត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ