រដ្ឋាភិបាលជប៉ុនអំពាវនាវដល់ពលរដ្ឋ ត្រូវសន្សំសំចៃលើការប្រើប្រាស់ថាមពលអគ្គិសនី នៅក្នុងខែកក្កដា និងខែសីហា ដើម្បីធានាដល់ការផ្គត់ផ្គង់អំឡុងរដូវក្តៅ
ជប៉ុន ៖ រដ្ឋាភិបាលរបស់ប្រទេសជប៉ុន នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ បានធ្វើការអំពាវនាវដល់ពល រដ្ឋ និងឧស្សាហកម្មនៅជុំវិញទីក្រុងតូក្យូ សន្សំសំចៃលើការប្រើប្រាស់ថាមពលអគ្គិសនី នៅក្នុងខែកក្កដា និងខែសីហា ដើម្បីធានាដល់ការផ្គត់ផ្គង់ថាមពលមានស្ថិរភាព អំឡុងរដូវក្តៅដល់កម្រិតកំពូល បើទោះបីជាខ្លួនមិនបានកំណត់គោលដៅជាតួលេខណាមួយយ៉ាងណាក៏ដោយ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២៣។
ទីផ្សារថាមពលរបស់ជប៉ុន ត្រូវបានអ្នកជំនាញព្យាករណ៍ថា នឹងមានភាពតានតឹងខ្លាំងក្នុងរដូវក្តៅនេះ នៅក្នុងតំបន់ជាច្រើនជាងកាលពីរដូវក្តៅមុន នៅពេលដែលរដ្ឋាភិបាលស្នើសុំការសន្សំសំចៃថាមពលទូទាំងប្រទេស។ នេះបើយោងតាមការព្យាករណ៍របស់ក្រសួងឧស្សាហកម្មជប៉ុន នៅក្នុងខែឧសភាកន្លងទៅ។ប៉ុន្តែក្រសួងបានសម្រេចចិត្តស្នើសុំការសន្សំសំចៃថាមពលក្នុងកម្រិតសមហេតុផល អំឡុងពេលពីរខែ នៅក្នុងតំបន់ដែលថាមពលត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន Tokyo Electric Power Company Holdings ខណៈដែលសមាមាត្របម្រុងត្រូវបានប៉ាន់ប្រមាណថា មានកម្រិតទាបជាង ៥% ជិតដល់អប្បបរមា ៣% ដែលធានាដល់ការផ្គត់ផ្គង់មានស្ថេរភាព។
អនុបាតសមត្ថភាពបម្រុងដែលរំពឹងទុក ក្នុងករណីរលកកំដៅកើតឡើងម្តងក្នុងមួយទសវត្ស នៅក្នុងតំបន់តូក្យូគឺ ៣.១% សម្រាប់ខែកក្កដា និង ៤.៨% សម្រាប់ខែសីហា ចំណែកតួលេខនៅកន្លែងផ្សេងទៀតមានលើសពី ៥% សម្រាប់រយៈពេលទាំងពីរខែ ខណៈដែលអនុបាតសមត្ថភាពបម្រុងក្រោម ៣% គឺប្រថុយនឹងការខ្វះខាតថាមពលអគ្គិសនី និងការដាច់ភ្លើង។
កាលពីឆ្នាំមុន សីតុណ្ហភាពខ្ពស់បំផុតសម្រាប់រដូវកាលនេះ ចាប់តាំងពីការរក្សាកំណត់ត្រាបានចាប់ផ្តើម នៅភាគខាងកើតប្រទេសជប៉ុនរយៈពេលមួយសប្តាហ៍ នៅក្នុងខែមិថុនា ដែលជំរុញឱ្យរដ្ឋាភិបាលស្នើឱ្យពលរដ្ឋកាត់បន្ថយការប្រើប្រាស់អគ្គិសនីតាមដែលអាចធ្វើទៅបាន។
មន្ត្រីម្នាក់នៅក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បាននិយាយថា រដ្ឋាភិបាលមិនបានអនុវត្តវិធានការពិសេសណាមួយ សម្រាប់ខែមិថុនានោះទេ ប៉ុន្តែខ្លួនកំពុងត្រួតពិនិត្យលើប្រតិបត្តិការរបស់ម៉ាស៊ីនភ្លើង និងតម្រូវការអគ្គិសនីក្នុងខែនេះ៕