លោកភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ
លោក ភីធើ ស៊ីចាតូ នឹងចូលជួបសម្តែងការ គួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រោយជំនួបសម្តែងការគួរសមនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួនបី ដូចខាងក្រោម៖
១. កិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវ អាកាសចរ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី
២. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការគ្រប់គ្រងធនធានទឹក រវាងក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃហុងគ្រី
៣. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មហុងគ្រី
លោក ភីធើ ស៊ីចាតូ នឹងមានជំនួបប្រជុំផ្លូវការជាមួយ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនានា ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជា ប្រយោជ ន៍និងកង្វល់រួមនិងបន្តដោយសន្និសីទសារព័ត៌មាន រួមគ្នា។
លោក ភីធើ ស៊ីចាតូ នឹងមានជំនួបដោយឡែកពីគ្នា ជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកសួស យ៉ារ៉ា សមាជិកសភា នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមជាសាក្សីផង ។
ជាងនេះទៅទៀត លោក ភីធើស៊ីចាតូ នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការ ការិយាល័យ នៃស្ថានទូតហុងគ្រី នៅ រាជធានីភ្នំពេញផងដែរ៕