នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ នៅមន្ទីរពេទ្យ ១៦ ឧសភា ដែលមានទីតាំងស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ព្រមជាមួយមន្រ្តីរាជការ និងមន្ត្រីនគរបាលជាតិក្រោមចំណុះទីស្តីការក្រសួងមហាផ្ទៃ ជាច្រើនរូបផងដែរ។
ក្រសួងមហាផ្ទៃ បាននឹងកំពុងបន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ តាមគោលការណ៍ស្ម័គ្រចិត្ត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ដ្រីរាជការស៊ីវិលចំណុះទីស្ដីការក្រសួងមហាផ្ទៃ អស់រយៈពេល២២ថ្ងៃកន្លងមកហើយ ពោលចាប់ពីថ្ងៃទី០៤ ដល់២៥ ខែមីនា ឆ្នាំ២០២១ ដោយមានភាពរលូន និងមានសណ្ដាប់ធ្នាប់ល្អ ក្នុងនោះ អ្នកមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក៏បានគោរពតាមគោលណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយធ្វើការ រក្សាគម្លាត ពាក់ម៉ាស់ និងបាញ់អាកុល យ៉ាងត្រឹមត្រូវ ផងដែរ។
ជាងនេះទៅទៀត យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ដ្រីរាជការស៊ីវិលចំណុះទីស្ដីការក្រសួងមហាផ្ទៃ នៅមន្ទីរពេទ្យ ១៦ ឧសភា ចាប់ពីថ្ងៃទី០៤ មីនា នឹងបន្តរហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ។
សូមបញ្ជាក់ផងដែរថា ប្រការត្រូវចងចាំក្រោយពេលចាក់វ៉ាក់សាំង រួមមាន ៖ ទី១-ក្រោយពេលចាក់វ៉ាក់សាំងរួច ត្រូវបន្ដតាមដានឱ្យដិតដល់ក្នុងពេល៧២ម៉ោងចៀសវាងសកម្មភាពប្រើកម្លាំងធ្ងន់ធ្ងរធ្វើការគេងសម្រាក់ឱ្យបានគ្រប់គ្រាន់ , ទី២-ក្រោយពេលចាក់វ៉ាក់សាំងរួចត្រូវបន្ថែមថាមពល ប្រូតេអ៊ីន វិតាមីន និងអាហារជីវជាតិ, ទី៣-ក្រោយពេលចាក់វ៉ាក់សាំង ត្រូវយកចិត្តទុកដាក់បង្ការជំងឺផ្ដាសាយត្រូវបរិភោគទឹកឱ្យបានច្រើនក្នុងរយៈពេល១២ម៉ោង ពេលងូតទឹកត្រូវយកបង់បិទដំបៅ ឬបង់ស្អិតបិទការពារកន្លែងចាក់វ៉ាក់សាំង និងក្រោយ១២ម៉ោងពេលងូតទឹកមិនត្រូវប៉ះពាល់កន្លែងចាក់វ៉ាក់សាំង។
សូមរំលឹកដែរថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១៨៧២នាក់ ក្នុងនោះអ្នកជាសះស្បើយ ចំនួន១០៥៦នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៨០៩នាក់, និងអ្នកស្លាប់ ចំនួន៧នាក់៕