បន្ទាយមានជ័យ៖ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ សហការជាមួយកម្លាំងយោធាវរសេនាតូចការពារព្រំដែនគោកលេខ៥០៣ នៅវេលាម៉ោង០៧និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឃាត់ខ្លួនជនជាតិអ៊ុយកង់ដាម្នាក់ ករណីលួចឆ្លងដែនពីថៃចូលមកកម្ពុជាដោយខុសច្បាប់ ។
លោក ឡុង សំណាង មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹងថា នៅថ្ងៃទី០៨ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងនគរបាលបានសហការជាមួយកម្លាំងយោធាវរសេនាតូចការពារព្រំដែនគោកលេខ៥០៣ ដើរល្បាតតាមបន្ទាត់ព្រំដែន ប្រទះឃើញជនបរទេសម្នាក់ឈ្មោះ SHARIF AHMED ភេទប្រុសអាយុ៣៦ឆ្នាំ ជាជនជាតិអ៊ុយកង់ដា បានលួចឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា ត្រង់ចំណុចចន្លោះបង្គោលសីម៉ាលេខ៣៧-៣៨ ក្នុងភូមិសាស្ត្រ ភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ហើយក៏បានធ្វើការឃាត់ខ្លួន ហើយបញ្ជូនទៅការិយាល័យនគរបាលអន្តោប្រវេសន៍ដើម្បីមានវិធានការបន្ត ។
លោក អេង លីហួរ ស្នងការរង ទទួលផែនការងារអន្តោប្រវេសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី០៩ខែវិច្ឆិកានេះ ថាជនជាតិអ៊ុយកង់ដានេះ ក្រោយពីនគរបាលការិយាល័យជំនាញធ្វើការសួរនាំរួច នឹងចាត់វិធានការតាមនីតិវិធី ៕SP