ក្រោយពីទទួលបានការឯកភាពពីក្រុមអ្នកជំនាញការអាដហុករបស់អាយស៊ីស៊ី-អង្គរ អាជ្ញាធរជាតិអប្សរាបានបន្តដំណើរការគម្រោងកែលម្អបរិវេណមុខព្រះលានជល់ដំរី ដោយមានរៀបចំជាផ្លូវថ្មើរជើង និងប្រព័ន្ធរំដោះទឹក ព្រមទាំងដាំស្មៅឱ្យមានភាពបៃតងស្រស់បំព្រង ដើម្បីលើកតម្លៃបរិវេណអង្គរធំទាំងមូល។ យោងតាមឯកសារប្រវត្តិសាស្ត្រក្នុងឆ្នាំ១៩០៩ មុខព្រះលានជល់ដំរីនេះ គឺពុំមានស្លាកស្នាមផ្លូវសម្រាប់យានជំនិះចេញចូលនោះទេ។ នៅឆ្នាំ១៩១២ ទើបឃើញមានផ្លូវមួយស្របក្បែរនឹងប្រាសាទសួរព្រ័ត្រ។ រីឯផ្លូវជាប់នឹងព្រះលានជល់ដំរី ទើបមាននៅឆ្នាំ១៩២៨ ប៉ុណ្ណោះ។ លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរាទទួលបន្ទុកក្នុងកិច្ចការនេះ បានឱ្យដឹងថា ដោយមើលឃើញពីហានិភ័យចំពោះប្រាសាទ (រំញ័រ និងការពុកផុយថ្ម) និងភ្ញៀវទេសចរ (គ្រោះថ្នាក់ចរាចរណ៍) ដែលបង្កដោយការបើកបរយានជំនិះគ្រប់ប្រភេទលើផ្លូវដែលកៀកខ្លាំងនឹងព្រះលានជល់ដំរី និងក្នុងគោលបំណងលើកតម្លៃបរិវេណនេះឱ្យមានលក្ខណៈដើម និងបង្កលក្ខណៈងាយស្រួលដល់ការដើរទស្សនារបស់ភ្ញៀវទេសចរ ទើបអាជ្ញាធរជាតិអប្សរាបានកែលម្អផ្លូវស្របនឹងប្រាសាទសួរព្រ័ត្រសម្រាប់យានយន្ត ហើយផ្លូវមុខព្រះលានជល់ដំរីសម្រាប់ការដើរថ្មើរជើង។

ចំពោះទីតាំងដែលត្រូវកែលម្អទាំងស្រុង គឺចាប់ពីកាច់ជ្រុងខាងជើងប្រាសាទបាយ័នរហូតដល់ចំណុចមុខព្រះពន្លាស្តេចគម្លង់។ ក្រុមការងារនឹងបិទទីតាំងនេះជា ដំណាក់កាលមិនឱ្យរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរឡើយ ហើយកិច្ចការនេះគ្រោងនឹងបញ្ចប់រយៈពេល៦ខែ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ