លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ប្រៀបធៀបប្រធានក្រុមប្រឹក្សា និងអភិបាលខេត្ត ដូចប្ដីប្រពន្ធ ត្រូវសហការគ្នាឲ្យបានល្អ ដើម្បីប្រសិទ្ធភាពការងារបម្រើប្រជាពលរដ្ឋ
កណ្ដាល ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការប្រៀបធៀបរវាងប្រធានក្រុមប្រឹក្សា និងអភិបាលខេត្ត ដូចជាប្ដីប្រពន្ធមួយគូ ដែលត្រូវតែចុះសម្រុងជាមួយគ្នា ហើយសហការគ្នាឲ្យបានល្អ ឯកភាពផ្ទៃក្នុង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការបំពេញការងារបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ក្នុងឱកាសអញ្ជើញប្រកាសចូលកាន់តំណែងលោក គួច ចំរើន ជាអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានលើកឡើងថា ប្រសិនបើអភិបាលខេត្ត និងប្រធានក្រុមប្រឹក្សាធ្វើការមិនចុះសម្រុងជាមួយគ្នានោះទេ កូនចៅថ្នាក់ក្រោមនឹងកាន់តែពិបាកក្នុងការធ្វើការ។ លោកព្រមានដល់ប្រធានក្រុមប្រឹក្សា និងអភិបាលខេត្ត ដែលមិនត្រូវគ្នា ត្រូវពិចារណាឡើងវិញ។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានជំរុញឲ្យអភិបាលខេត្តកណ្តាលថ្មី ពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍខេត្តឲ្យកាន់តែមានការរីកចម្រើន ស្របតាមយុទ្ធសាស្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក គង់ សោភ័ណ្ឌ ដែលបានខិតខំសម្របសម្រួល ដឹកនាំការងាររដ្ឋបាល និងការអភិវឌ្ឍខេត្តកណ្តាល ក្នុងរយៈពេលដែល លោកកាន់មុខតំណែងជាអភិបាលខេត្តកណ្តាល អស់រយៈពេល៤ឆ្នាំកន្លងមកនេះ និងបានសម្តែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក គួច ចំរើន ដែលពេលនេះលោកត្រូវបានតែងតាំងជាអភិបាលខេត្តកណ្តាល។
លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ស្នើដល់ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក និងឃុំ សង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល ផ្តល់ការគាំទ្រ និងចូលរួមជាមួយលោក គួច ចំរើន ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍខេត្ត ឲ្យកាន់តែមានការរីកចម្រើនថែមទៀត៕