ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងខេត្តក្វាងស៊ី សម្រេចបានជិត២ពាន់លានយន់ ក្នុងឆ្នាំ២០២២កើនឡើង៨៨.២%
ភ្នំពេញ ៖ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងខេត្តក្វាងស៊ី នៅក្នុងឆ្នាំ២០២២កន្លងទៅ សម្រេចបានទំហំពាណិជ្ជកម្មនាំចេញ-នាំចូល មានទឹកប្រាក់ចំនួន ១.៩៧០ លានយន់ កើនឡើង ៨៨.២% ធៀបនឹងឆ្នាំ២០២១ ក្នុងនោះ ខេត្តក្វាងស៊ី នាំចេញមកកម្ពុជា មានចំនួន ១.៨៦០ លានយន់ កើនឡើង ៨៨.៥% រីឯ កម្ពុជានាំចេញទៅខេត្តក្វាងស៊ី មានចំនួន ១១០ លានយន់ កើនឡើង ៨៥.៣%។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម នាពេលថ្មីៗនេះ បានឱ្យដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុនមកពីខេត្តក្វាងស៊ី មកវិនិយោគនៅក្នុងប្រទេសកម្ពុជា (មិនមែនហិរញ្ញវត្ថុ) សរុបមានចំនួន ៥៦ ក្រុមហ៊ុន។ ទំនិញសំខាន់ៗដែលខេត្តក្វាងស៊ី នាំចូលមកកម្ពុជាមាន៖ គ្រឿងបន្លាស់ម៉ាស៊ីនត្រង់ស្វូរ ម៉ាស៊ីន បិទស្រា ម៉ាស៊ីនរុំខ្សែ ជីកសិកម្ម ទុយោចរន្តអគ្គិសនី ឧបករណ៍បញ្ជូនអុបទិកជាដើម ហើយកម្ពុជានាំចេញទៅខេត្តក្វាងស៊ីវិញរួមមាន៖ អង្ករ ដំឡូងមីស្ងួត ម្សៅដំឡូងមី ផលិតផលកសិកម្ម ឧបករណ៍ទប់ចរន្តអគ្គីសនី ម៉ាស៊ីនត្រង់ស្វូរ ជាដើម។ល។
ទន្ទឹមនឹងនេះ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបន្តថា តាមរយៈចំណងមិត្តភាពនេះ ភាគីទាំងពីរ កម្ពុជា-ចិន បានក្លាយជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយចាប់តាំងពីឆ្នាំ២០១០ កន្លងមក ហើយ កម្ពុជាបានគាំទ្រចំពោះគំនិតផ្តួចផ្តើមបង្កើតផ្លូវសូត្រខ្សែក្រវាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ (The Silk Road Economic Belt and The 21st Century Maritime Silk Road) របស់រដ្ឋាភិបាលចិន តាំងពីឆ្នាំ២០១៦ កន្លងមក៕EB