អតីតទាហានម៉ារីនអាមេរិកកំពុងធ្វើកូដកម្មបង្អត់អាហារខ្លួនឯង ដើម្បីតវ៉ានឹងការជាប់ពន្ធនាគារនិងការរំលោភបំពានជាច្រើនក្នុងប្រទេសរុស្ស៊ី
អាមេរិក៖ យោងតាមគ្រួសាររបស់អតីតទាហានម៉ារីនអាមេរិក Trevor Reedបានឱ្យដឹងថាកូនរបស់គាត់ បានធ្វើកូដកម្មអត់អាហាររយៈពេលជិតមួយសប្តាហ៍ហើយ ដើម្បីប្រឆាំងនឹងការឃុំខ្លួននៅក្នុងប្រទេសរុស្ស៊ី និង ករណី"រំលោភបំពានជាច្រើនពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្សដោយអាជ្ញាធររុស្ស៊ី។នេះបើតាមការចេញផ្សាយរបស់ព័ត៌មានCNNកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
" មេធាវីរបស់លោក Trevor បានរាយការណ៍ថាកូនក្តីរបស់ខ្លួនបានចាប់ផ្តើមធ្វើកូដកម្មអត់អាហារដើម្បីតវ៉ានឹងការឃុំខ្លួនគាត់ និងការរំលោភបំពានជាច្រើនរបស់អាជ្ញាធររុស្ស៊ីចំពោះសិទ្ធិមនុស្សជាមូលដ្ឋាន និងសិទ្ធិរបស់គាត់ក្រោមច្បាប់រុស្ស៊ី" ជាមួយគ្នានេះ គ្រួសារ Trevor Reed បាននិយាយថា កូនរបស់គាត់ដែលជាអតីតទាហានម៉ារីនអាមេរិកបានចាប់ផ្តើមកូដកម្មអត់អាហាររបស់គាត់កាលពីថ្ងៃព្រហស្បតិ៍។
បើទោះបីជាការធ្វើកូដកម្មបែបនេះក្តី ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី Tass បានរាយការណ៍កាលពីថ្ងៃអង្គារថា អាជ្ញាធរពន្ធនាគាររុស្ស៊ីបដិសេធថាចំពោះការកូដកម្មអត់អាហារនេះ។អាជ្ញាធរពន្ធនាគាររុស្ស៊ីបបានបញ្ជាក់ថា"ព័ត៌មានដែលបានផ្សព្វផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអំពីកូដកម្មអត់អាហារដោយទណ្ឌិត Trevor Reed គឺមិនពិតទេ។ គាត់មិនបានប្រកាសកូដកម្មអត់អាហារដល់រដ្ឋបាលនៃកន្លែងនោះទេ ហើយគាត់បានញ៉ាំអាហារតាមកាលវិភាគ"។
សូមបញ្ជាក់ថា លោកTrevor Reed អាយុ 30 ឆ្នាំត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 9 ឆ្នាំក្នុងខែកក្កដាឆ្នាំ 2020 ដោយតុលាការទីក្រុងម៉ូស្គូពីបទ វាយតប់មន្ត្រីប៉ូលិស២រូប ។ គាត់និងក្រុមគ្រួសារបានបដិសេធការចោទប្រកាន់នេះ។តុលាការរុស្ស៊ីបានបដិសេធបណ្តឹងឧទ្ធរណ៍របស់ Reed នៅចុងខែមិថុនា លោក Reed គឺជាជនជាតិអាមេរិកាំងម្នាក់ក្នុងចំណោមជនជាតិអាមេរិកាំងផ្សេងទៀតដែលជាប់ពន្ធនាគារនៅប្រទេសរុស្ស៊ី លើករណីរឿងក្ដីដែលមន្រ្តីរដ្ឋាភិបាលអាមេរិកបាននិយាយថា ជា ការចោទប្រកាន់ដោយបំផ្លើស៕SP