ត្រឹមតែ2% នៃទ្រព្យសម្បត្តិរបស់ Elon Musk អាចដោះស្រាយភាពអត់ឃ្លាននៅទូទាំងពិភពលោក
អាប៊ូដាប៊ី៖ក្នុងរយៈពេលមួយថ្ងៃគឺថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១ លោក អេឡុន ម៉ាស (Elon Mask) រកប្រាក់ចំណូលបាន ៣៦.២ ពាន់លានដុល្លារ ធ្វើឲ្យទ្រព្យសម្បិត្តគាត់កើនឡើងពី ២៥៣ ពាន់លានដុល្លា ទៅ ២៨៩ ពាន់លានដុល្លារ។ នេះបើយោងតាមសាព័ត៌មានCNN បានចុះផ្សាយនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១។
សម្រាប់ទំហំសេដ្ឋកិច្ចនៃប្រទេសកម្ពុជាមានប្រមាណ ៣០ ពាន់លានដុល្លារ ដូច្នេះមានន័យថា ទ្រព្យសម្បិត្តមហាសេដ្ឋីអាមេរិកតែម្នាក់មានទំហំទឹកប្រាក់ធំជាងទំហំសេដ្ឋកិច្ចកម្ពុជា ៩.៦ ដង និងធំជាងទំហំសេដ្ឋកិច្ចនៃប្រទេស ៤ ក្នុងតំបន់អាស៊ានបូកបញ្ចូលគ្នា គឺប្រទេស កម្ពុជា លាវ ភូមា និងប្រុយណេ។
ដូច្នេះបើសិនជា Elon Mask បរិច្ចាគតែ ២% ស្មើរនឹងប្រមាណ ៦ ពាន់លានដុល្លារនៃទំហំទឹកប្រាក់របស់ខ្លួន គឺElon Mask អាចជួយដោះស្រាយវិបត្តិអត់ឃ្លាន ដែលមានមនុស្សប្រមាណ ៤២ លាននាក់កំពុងប្រឈមនឹងខ្វះអារហារ ហើយគ្រាន់តែប្រទេសអាហ្វានីស្ថានតែមួយមានមនុស្ស ២២លាននាក់ កំពុងប្រឈមនឹងសេចក្តីស្លាប់រាល់ថ្ងៃដោយការខ្វះអារហារ ដែល ៣.២ លាននាក់ជាក្មេងក្រោមអាយុ ៥ឆ្នាំ នេះបើតាមការលើកឡើងរបស់លោក David Beasley ប្រធាន World Food Program។
លោក David Beasley ប្រធាន World Food Program ក៏បានឱ្យដឹងដែរថា នៅក្នុងប្រទេសអេត្យូពី WFP បានប៉ាន់ប្រមាណថាមនុស្ស 5.2 លាននាក់ត្រូវការជំនួយស្បៀងជាបន្ទាន់នៅក្នុងតំបន់ Tigray ដែលនាយករដ្ឋមន្ត្រី Abiy Ahmed បានដឹកនាំការវាយលុកដ៏ធំប្រឆាំងនឹងរណសិរ្សរំដោះប្រជាជន Tigray (TPLF) ចាប់តាំងពីឆ្នាំមុន។ ចាប់តាំងពីពេលនោះមក ជនស៊ីវិលរាប់ពាន់នាក់ត្រូវបានសម្លាប់ ខណៈដែលជាង 2 លាននាក់ត្រូវបានផ្លាស់ទីលំនៅ៕SP