កាប៊ុល៖ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបានបង្ហាញក្តីព្រួយបារម្មណ៏ចំពោះ ប្រជាជនអាហ្វហ្គានីស្ថាន ដែលកំពុងតែជួបប្រទះបញ្ហាក្នុងការរស់រានមានជីវិត នៅរដូវរងារឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។
សេដ្ឋកិច្ចប្រទេសអាហ្វហ្គានីស្ថានបានធ្លាក់ចុះជាខ្លាំងបន្ទាប់ពីពួកតាលីបង់បានឡើងគ្រប់គ្រងអំណាច កាលពីខែសីហា ឆ្នាំ២០២១កន្លងទៅ។ ពួកតាលីបង់ បានកែប្រែអាហ្វហ្គានីស្ថានទៅជាមូលដ្ឋានទ័ព ធ្វើឱ្យប្រជាជនរាប់លាននាក់ធ្លាក់ខ្លួនទៅរកភាពអត់ឃ្លាននិងភាពក្រីក្រ ។
នាយកប្រតិបត្តិប្រចាំកាកបាទក្រហមអន្តរជាតិលោក Martin Scheupp បានលើកឡើងថា« វិបត្តិសេដ្ជកិច្ចគឺជាបញ្ហាដ៏ធំនៅទីនោះ ហើយនេះជាកត្តាធ្ងន់ធ្ងរណាស់ ជីវិតរបស់ពួកគេនឹងប្រឈមមុខនឹងបញ្ហាច្រើន»។ លោកបានបន្ថែមទៀតថា ពួកគាត់បានឃើញប្រជាជនអាហ្ចហ្គាស្ថានីប្រញាប់ប្រញាល់លក់របស់របរផ្ទាល់ខ្លួនដើម្បីទិញឧបករណ៍កម្តៅត្រៀមរស់នៅក្នុងរដូវរងារខាងមុខ។
យ៉ាងណាមិញ ការដាក់ទណ្ឌកម្មទៅលើមេដឹកនាំតាលីបង់ ការបញ្ឃប់ការផ្ទេរប្រាក់តាមធនាគារនិងការបង្កកប្រាក់បម្រុងរាប់លានដុល្លាររបស់អាហ្វហ្គានីស្ថាន បង្កជាឧបសគ្គរារាំងស្ថាប័នពិភពលោកដែលចង់ផ្ដល់ជំនួយឱ្យប្រជាជនអាហ្គានីស្ថាន៕RT