គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ មានគ្រាប់យុទ្ធភណ្ឌជាង ១តោនបន្ថែមទៀតហើយ ត្រូវបានកម្លាំងបោសសម្អាត ស្រង់ចេញពីនាវាចម្បាំងចំណាស់ ក្នុងទន្លេខេត្តកំពង់ចាម ធ្វើឱ្យចំនួនគ្រាប់សរុប ដែលបានស្រង់កើនឡើងជាង ៦តោន។ នេះបើតាម លោក ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) ។

គ្រាប់ជាង ៦តោន ដែលកម្លាំងជំនាញបានស្រង់ចេញពីក្លូបនាវាច្បាំងចំណាស់ ១គ្រឿងនេះ គឺស្ថិតនៅក្នុងចំណោមគ្រាប់យុទ្ធភណ្ឌដ៏ច្រើនសន្ធឹកសន្ធាប់ ដែលវាត្រូវបានលិចជាមួយនាវា ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីសម័យសង្គ្រាមស៊ីវិល។ មកដល់ពេលនេះកម្លាំងជំនាញបានប្រមូល និងស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះកំពុងប្រតិបត្តិការយ៉ាងក្តៅគគុកលើការងារនេះ។បើតាមលោកមេបញ្ជាការរូបនេះ, គ្រាប់យុទ្ធភណ្ឌដែលកម្លាំងជំនាញប្រមូលបានជាង ៦តោននេះ រួមមាន៖ គ្រាប់ត្បាល់ ៨១មីលីម៉ែត្រ, គ្រាប់ត្បាល់ ៦០មីលីម៉ែត្រ និងគ្រាប់កាំភ្លើងយន្ត ១២,៧មីលីម៉ែត្រផងដែរ។

មេបញ្ជាការរូបនេះ បានគូសបញ្ជាក់ថា សម្រាប់គ្រាប់យុទ្ធនៅក្នុងក្លូបទី១ ខាងលើអាចមានគ្រាប់យុទ្ធភណ្ឌចាប់ពី ១០តោន ទៅ ២០តោនឯណោះ ដូច្នេះគ្រាប់យុទ្ធភណ្ឌទាំងនេះ គឺមានចំនួនច្រើន។

សូមបញ្ជាក់ថា នាវាមួយគ្រឿង ដែលផ្ទុកដោយយុទ្ធភណ្ឌរាប់រយតោន ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ចូលរួមជាមួយក្រុមស៊ីមាក់ ប្រទះឃើញកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីមុជទឹកពិនិត្យទីតាំងបូមខ្សាច់ ដែលបូមបានគ្រាប់ចំនួន០៣ ប្រភេទ មានដូចជាគ្រាប់ AK57 ចំនួន៣គីឡូ, គ្រាប់៦០មីលីម៉ែត្រចំនួន ១៦គ្រាប់ និងគ្រាប់៨០មីលីម៉ែត្រ ចំនួន១គ្រាប់ នៅចំណុចបូមខ្សាច់ ក្នុងទន្លេមេគង្គ ក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ។

បើយោងតាមតាមរបាយការណ៍របស់ក្រុមការងារ បានឱ្យដឹងថា ប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមផ្ទៃទឹកជុំវិញទីតាំងនាវាលិចនេះ មានទំហំ១,០០០ម៉ែត្រ គុណ ១,៥០០ម៉ែត្រ នៅតាមបណ្តោយទន្លេ ប្រមាណ១៥០ហិកតា៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ