ភាគីកម្ពុជា ស្នើសុំសមត្ថកិច្ចថៃ សម្របសម្រួលដោយបញ្ជូនពលករខ្មែរត្រឡប់មកកម្ពុជាវិញ ចំពោះពលករខ្មែរ ដែលសមត្ថកិច្ចថៃបានឃាត់ខ្លួន
ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ពៅ មុនីជោតិ នាយប៉ុស្តិ៍ បានចូលរួមជំនួបពិភាក្សា ជុំវិញកិច្ចសហប្រត្តិបត្តិការ លើការងារព្រំដែន រវាងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ កម្ពុជា-ថៃ នៅអាគារទំនាក់ទំនងទាហានឈុតខ្មៅថៃ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិ បាន ខៅឌីន ប្រទេសថៃ។
ក្នុងជំនួបពិភាក្សា ជុំវិញកិច្ចសហប្រត្តិបត្តិការ លើការងារព្រំដែន រវាងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ កម្ពុជា-ថៃ ធ្វើឡើងតាមការអញ្ជើញ របស់លោកវរសេនីយ៍ឯក RONNARONG SENGMI មេបញ្ជាការវរៈសេនាធំ ឈុតខ្មៅថៃលេខ១៣ ដែលទើបផ្លាស់ចូលកាន់តំណែងថ្មី ។
ចំនែកភាគីកម្ពុជា ក៏មានការអញ្ជើញចូលរួមដោយ លោកអធិការនគរបាលស្រុកសំពៅលូន , លោកមេបញ្ជាការកងវរៈសេនាតូចលេខ១ , លោកមេបញ្ជាការវរៈសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨១៧។
ភាគីទាំងពីរ ក៏បានលើកឡើង នូវខ្លឹមសារសំខាន់ៗ ក្នុងកិច្ចជំនួបពិភាក្សានេះមាន ១. រួមគ្នាទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩,
២. សហការទប់ស្កាត់ ការលួចឆ្លងដែនខុសច្បាប់នានា និងជាពិសេសស្នើសុំសមត្ថកិច្ចថៃ សម្របសម្រួលធ្វើការចាត់បញ្ជូនត្រឡប់មកកម្ពុជាវិញ ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលសមត្ថកិច្ចថៃចាប់ឃាត់ខ្លួន បាននៅពេលឆ្លងកាត់ ចូលទៅប្រទេសថៃ តាមច្រករបៀងនានា
និង៣. បន្តបង្កើនកិច្ចសហប្រត្តិបត្តិការល្អ រវាងភាគីទាំងពីរ កម្ពុជា-ថៃ៕