ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានមានប្រសាសន៍ថា ១អ្នកបើកបរយានយន្តទាំងអស់មិនត្រូវស្ថិតក្រោមស្ថានភាពស្រវឹង និងគ្រឿងញៀន ក្នុងករណីពិនិត្យឃើញថាអ្នកបើកបរ មានសារធាតុញៀននោះ នឹងដកបណ្ណបើកបរចេញ» សម្តេចមានប្រសាសន៍បែបនេះ ក្រោយកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាឆ្លងសេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

ក្នុងនោះសម្តេចក្រឡាហោម មានប្រសាសន៍បន្ថែមថា អ្នកបើកបររថយន្តទាំងអស់ត្រូវធ្វើតេស្តគ្រឿងញៀនហើយលក្ខខណ្ឌនៃការធ្វើតេស្តគ្រឿងញៀននឹងកំណត់ដោយប្រកាសអន្តរក្រសួងរបស់ក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ ព្រមទាំងមានការចូលរួមជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ។ដោយសម្តេចក្រឡាហោម បានសង្កត់ធ្ងន់ថា «ការចាប់ផ្តើមធ្វើតេស្តនេះ គឺត្រូវធ្វើទៅលើមជ្ឍដ្ឋានដែលតម្រូវចាំបាច់ដូចជារថយន្តធ្ងន់ធ្ងន់ រថយន្តដឹកភ្ញៀវទេសចរណ៍ច្រើនជាដើម»។

ក្នុងនោះសម្តេចក្រឡហោមបានបន្ថែមថា ក្នុងករណីពួកគាត់បានប្រព្រឹត្តកំហុស នៅក្នុងច្បាប់ ពីចរាចរណ៍ផ្លូវគោកថ្មីមិនទាន់ត្រូវបានកំណត់ពីទោសបញ្ញត្តិនៅឡើយទេ ប៉ុន្តែករណីបើរកឃើញអ្នកបើកបរមានសារធាតុញៀននោះ នឹងដកបណ្ណបើកបរចេញរហូតដល់ពេលធ្វើតេស្តរកឃើញថាលែងមានសាធារតុញៀន ទើបអនុញ្ញាតឱ្យបើកបរវិញ។

សូមបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ថ្មីនេះ បានតាក់តែងឡើងដោយកែសម្រួលខ្លឹមសារមាត្រាច្បាប់ចាស់ចំនួន ៤៨មាត្រា និងបន្ថែមមាត្រាថ្មីៗមួយចំនួនទៀត ដើម្បីឱ្យស្របតាមការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើការអភិវឌ្ឍផ្លូវថ្នល់ រួមដូចជា ការពង្រីកផ្លូវ ការកសាងផ្លូវល្បឿនលឿន និងចង់បង្កើនប្រសិទ្ធភាព កាត់បន្ថយអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងទប់ស្កាត់ការបើកបរមានសារធាតុញៀនជាដើម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ