ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងស្ដីពីការរឹតបន្តឹងការអនុវត្តវិធានការ គោលការណ៍ស្តង់ដាប្រតិបត្តិ(SOP) ក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ តាមបណ្តារោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនានា ក្នុងប្រទេសកម្ពុជា។

នៅក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ដើម្បីចូលរួមទប់ស្កាត់ ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឆ្នាំ២០២១ ក្រសួងវប្បធម៌សូមណែនាំដល់បណ្ដារោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរទាំងអស់នៅកម្ពុជា ត្រូវបន្តនិងបន្ថែមការរឹតបន្ដឹងព្រមទាំងអនុវត្តឲ្យបានម៉ត់ចត់បំផុត នូវវិធានការគោលការណ៍ស្តង់ដាប្រតិបត្តិ(SOP) សម្រាប់រោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនៅទូទាំងប្រទេស ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ក្នុងនោះដោយត្រូវធានាថា៖

១. គ្រប់ទស្សនិកជន និងបុគ្គលិកទាំងអស់ ត្រូវពាក់ម៉ាស់ឲ្យបានជាប្រចាំ និងគ្រប់ទីកន្លែង

២. ត្រូវលាងសំអាតដៃនឹងសាប៊ូ អាល់កុល ឲ្យបានជាប្រចាំ និងញឹកញាប់

៣. ត្រូវរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលយ៉ាងតិចចាប់ពី១.៥០ម៉ែត្រឡើងទៅឲ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង

៤. ត្រូវរាយការណ៍ជាបន្ទាន់ ទៅអាជ្ញាធរមានសមត្ថកិច្ច ឬមន្ត្រីសុខាភិបាល ក្នុងករណីមានការសង្ស័យថា មានបុគ្គលិកឬទស្សនិកជនណាមួយមានទំនាក់ទំនងនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១។

ជាមួយគ្នា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលនឹងបន្តចុះត្រួតពិនិត្យ តាមដានការអនុវត្តគោលការណ៍ស្តង់ដាប្រតិបត្តិនិងសេចក្តីណែនាំនានារបស់ក្រសួងសុខាភិបាល ហើយនឹងរក្សាសិទ្ធិក្នុងការបញ្ឈប់ជាបន្ទាន់ ចំពោះបណ្តាអង្គភាពឬទីតាំងណាដែលមិនបានគោរព និងអនុវត្តតាមគោលការណ៍ខាងលើ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ