ភ្នំពេញ៖ ជនដៃដល់បាញ់សម្លាប់គូរដណ្តឹងរបស់ខ្លួន កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ ក្រោយពីគេចខ្លួនអស់រយៈពេល ០២ឆ្នាំ ០៧ខែ ។

 ដោយមានកិច្ចសហប្រតិបត្តិការល្អពីភាគីតម្រួតថៃ ទើបនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២២ នៅវេលាម៉ោង ១៦ កម្លាំងតម្រួតថៃ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ យឺន វ៉ាន់ដេត នៅក្នុងទឹកដីខេត្តចន្ទបុរី ប្រទេសថៃ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៤១៨ គ១ ដ.ច.ន ចុះថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២០ របស់លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។

គួររលឹកផងដែរថា នៅវេលាម៉ោង ១៩និង៤៥នាទី នាយប់ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ជនសង្ស័យ ឈ្មោះ យឺន វ៉ាន់ដេត បានឈ្លោះប្រកែកគ្នាជាមួយគូរដណ្តឹងឈ្មោះ ស៊ុន ឌីណា  អាយុ ២៦ឆ្នាំ  ជានិសិ្សតពេទ្យបញ្ចប់សញ្ញាបត្របរិញ្ញាផ្នែកឡាបូ និងប្រកបមុខររបរ លក់ឡេតាមអនទ្បាញ ស្នាក់នៅផ្ទះកើតហេតុលេខH-03 ផ្លូវលំ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយសាររឿងប្រចន្ទ ហើយក៏មានការផ្ទុះអាវុធមួយគ្រាប់បណ្តាលឲ្យចំផ្ទាល់ខាងឆ្វេងធ្លាយមកកញ្ចឹងក ។

លុះដល់វេលាម៉ោង ១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ជនសង្ស័យបីជនរងគ្រោះចេញមកខាងក្រៅបន្ទប់ ហើយបានហៅកង់បីឥណ្ឌាដឹកជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តែដោយសភាពរបួសធ្ងន់ពេក ជនរងគ្រោះត្រូវស្លាប់នៅពេលបញ្ចូនទៅដល់មន្ទីរពេទ្យ ។ ជនសង្ស័យក៏បានរត់គេចខ្លួនទៅប្រទេសថៃរហូតដល់ពេលឃាត់ខ្លួននេះតែម្ដង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់ជូននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ រៀបចំបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ស្អែក ដើម្បីផ្តន្ទាទោសតាមច្បាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ