សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យអភិបាលរាជធានី-ខេត្ត រឹតបណ្ដឹង និងចាត់វិធានការម៉ឺងម៉ាត់បំផុត ចំពោះក្មេងទំនើង ពិសេសក្រុមក្មេងកាន់ដាវសាម៉ូរ៉ៃ
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាឲ្យអភិបាលរាជធានី-ខេត្ត ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរឹតបណ្ដឹង និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះក្រុមក្មេងទំនើង ជាពិសេសក្រុមក្មេងទំនើងកាន់ដាវសាម៉ូរ៉ៃ។
ក្នុងនោះដែរ សម្ដេចធិបតី ក៏បានឲ្យក្រសួងយុត្តិធម៌ពិនិត្យការបង្កើតច្បាប់លើការគ្រប់គ្រងដាវសាម៉ូរ៉ៃ ផងដែរ។
ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បែបនេះ បន្ទាប់រយៈពេលប៉ុន្មានថ្ងៃនេះ មានក្រុមក្មេងទំនើង បានដេញកាប់គ្នាយ៉ាងអាណាធិបតេយ្យ។
នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់អាជ្ញាធររាជធានី-ខេត្តទំាងអស់ ត្រូវរឹតបន្តឹងឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះក្មេងទំនើង ដោយត្រូវតែចាត់វិធានការឲ្យបានទាន់ពេលវេលា ដោយមិនត្រូវលើកលែងឡើយ។
សម្ដេចធិបតី បានបញ្ជាក់ថា «រឿងបងធំ បងតូច កាប់គ្នាច្រើនណាស់ សូមឲ្យពង្រឹងកិច្ចការងារនេះ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមចេញបញ្ជាទៅ អភិបាលរាជធានី-ខេត្ត ទាំងអស់ជាមួយសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរឹតបណ្ដឹងការចាត់វិធានការឲ្យបានម៉ឺងម៉ាតបំផុត ចំពោះក្រុមក្មេងទំនើង ជាពិសេសក្រុមដាវសាម៉ូរ៉ៃ កាប់គ្នាប៉ុន្មានថ្ងៃនេះ នៅភ្នំពេញ»។
សម្ដេចធិបតី បន្ដថា ត្រូវធ្វើឲ្យម៉ឺងម៉ាតចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាល នៅក្នុងការបង្ការទប់ស្កាត់ ទាំងវិធានការអនុវត្តច្បាប់ ដោយគ្មានការបន្ធូរបន្ថយ ដោយគ្មានការលើកលែង ដើម្បីការពារសណ្ដាប់ធ្នាប់សាធារណៈ សន្ដិសុខសង្គម ត្រូវតែអនុវត្តឲ្យបានម៉ឹងម៉ាត់បំផុត ទៅតាមច្បាប់ជាធរមាន។
សម្ដេចធិបតី បន្ថែមថា ព្រោះសន្ដិសង្គម សុវត្ថិភាព ភូមិ ឃុំ សង្កាត់ គឺជាគោលដៅអាទិភាពចំបងរបស់រាជរដ្ឋាភិបាល ។ ចំពោះបញ្ហា គ្រឿងញៀន និងត្រួតពិនិត្យជាតិអាកល់ សម្ដេច បានថ្លែងអំណរគុណអាជ្ញាធរ បានអនុវត្តជាប់ជាប្រចាំ។
សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ខ្ញុំ កំពុងឲ្យខាងច្បាប់ ក្រសួងយុត្តិធម៌ ពិនិត្យមើល អារឿងដាក់ដាវសាម៉ូរ៉ៃ។ ព្រោះប្រជាពលរដ្ឋ នៅតាមស្រុកស្រែ ទៅធ្វើការងារ នៅចំការ។ តែនៅភ្នំពេញយកដាវសាម៉ូរ៉ៃ មកធ្វើអី ទៅកាប់ឈូកឬអី? ក្មេងៗ ទៅរៀនដាវសាម៉ូរ៉ៃ ដាក់ទៅធ្វើអីការពារ យកល្អ កុំឲ្យមានទាំងអស់គ្នា»។
លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏អំពាវនាវដល់ស្ថាប័នតុលាការយកចិត្តទុកដាក់ក្នុងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ចំពោះករណីក្រុមក្មេងទំនើង។ ទន្ទឹមនឹងនេះ សម្ដេចធិបតី ក៏បានអំពាវនាវដល់ឪពុកម្ដាយ និងអ្នកអាណាព្យាបាលចូលរួមពង្រឹងតាមដាន និងអប់រំកូនចៅឱ្យបានល្អ៕