ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការណែនាំធនាគារជាតិនៃកម្ពុជា ត្រូវសិក្សាជាមួយ វិស័យឯកជន ក្នុងករណីលុយដុល្លារចាស់ ឬដាច់បន្ដិចបន្តួច នាំឲ្យប្រជាពលរដ្ឋពិបាកចាយ ឬកុំឲ្យប៉ះពាល់អារម្មណ៍ភ្ញៀវទេសចរ។

នាឱកាសអញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃព្រហស្បតិ៍ ទី១៨ កក្កដា ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំធនាគារជាតិទម្លាក់លក្ខខណ្ឌមួយចំនួន ចំពោះការចាយវាយក្រដាសប្រាក់ដុល្លារ ដែលមានភាពទក់ ឬមានស្នាមតិចតួច ដើម្បីផ្តល់ភាពងាយស្រួលដល់ការចាយវាយ របស់ភ្ញៀវទេសចរ។

សម្ដេចធិបតី មានប្រសាសន៍ថា «សូមឲ្យធនាគារពាណិជ្ជ ធនាគារឯកជន ចូលរួមផង អារឿងលុយដុល្លារពិបាកយក អាហឹ្នងវាពិបាក (លុយរហែក) បើថាលុយវាក្លែងក្លាយចុះ អាហ្នឹងរឿងមួយ បើលុយវាខ្ទិចខ្លាំងវារឿងមួយ ប៉ុន្ដែពេលខ្លះ យើងដាក់លក្ខខណ្ឌកំណត់តិចពេក គ្រានតែដាច់តិច មិនឲ្យយក កាត់ទឹក ដ៏ចឹងវាពិបាក កន្លែងលក់គាត់យកអត់បាន ពេលទៅដូរធនាគារ ធនាគារកាត់ទឹក ចឹងគាត់ត្រូវកាត់ទឹកឲ្យភ្ញៀវ ចឹងភ្ញៀវរអ៊ូថា លុយហេតុអីក៏មកចាយក៏លំបាកម៉េស។ ឥឡូវ ខ្ញុំ សូមឲ្យធ្វើមិច លោកជំទាវ (លោកស្រី ជា សិរី )ធ្វើការជាមួយធនាគារ ហើយសុំ ធនាគារពាណិជ្ជ យោគយល់»។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បន្ដថា ការងារសំខាន់សម្រាប់ជួយវិស័យទេសចរណ៍ គឺត្រូវទទួលបដិសណ្ឋារកិច្ចឲ្យបានល្អ ជាពិសេសគឺនៅពេលដែលភ្ញៀវចុះពីលើយន្តហោះចូលព្រលាន។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បន្ថែមថា សម្រាប់អ្នកសៀមរាប មិនអាចរំពឹងតែវិស័យទេសចរណ៍មួយមុខនោះទេ ហើយអាចរុញវិស័យភ័ស្តុភាកម្ម និងឧស្សាហកម្ម ទៅទីតាំងទាំងនោះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ