ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឆ្លើយតបថា គ្មានការឡោមព័ទ្ធផ្ទះរបស់លោក និងផ្ទះ សម្ដេចក្រឡាហោម ស ខេង មិនដូចការផ្សាយរបស់ក្រុមប្រឆាំងឡើយ។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា គឺបន្ទាប់ពីលោក បានឃើញការលើកឡើងនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកមួយ មានឈ្មោះថា Samdach Seng Rathana 007 ដែលគេស្គាល់ថា គឺជាបុគ្គលប្រឆាំងនៅក្រៅប្រទេស បានសរសេរថា «លោក ស ខេង និងលោក ស សុខា ត្រូវបានសម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យព័ទ្ធផ្ទះ និងឃុំខ្លួននៅក្នុងផ្ទះ ពាក់ព័ន្ធការមិនគាំទ្រគម្រោង CLV»។

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាជាតិបាត់ដំបង នៅខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានឲ្យដឹងថា បើមានការព័ទ្ធផ្ទះរបស់លោក ពិតមែននោះ ប្រហែលជាមិនមានវត្តមាន ជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៅខេត្តបាត់ដំបងនេះឡើយ។

លោកឧបនាយករដ្ឋមន្ដ្រី ឆ្លើយតបវិញថា «បើព័ទ្ធមែន ខ្ញុំ គ្មានឱកាសឈរនៅនឹង បើគេព័ន្ធជាប់ហើយ នេះជាទង្វើទុច្ចរិត និងជាទង្វើស្មោកគ្រោក ក្នុងការឱ្យគណបក្សមួយ ក្រុមគ្រួសារមួយ ជល់គ្នានេះ យើងគួរឈប់ទៅ យើងរួមគ្នាកសាងប្រទេស»។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ដ្រី ក៏បានបញ្ជាក់ថា អ្វីដែលក្រុមប្រឆាំងកំពុងលើកឡើងនេះ គឺជាការមិនពិតឡើយ។ លោកឧបនាយករដ្ឋមន្ដ្រី ក៏បានបង្ហាញពីភាពនឿយហត់ នឹងការឆ្លើយតបដដែលៗជាមួយនឹងក្រុមប្រឆាំងទាំងនោះ៕ EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ