ឥណ្ឌូណេស៊ី៖ លោក Herman Suherman មន្ត្រីរដ្ឋាភិបាលក្នុងទីប្រជុំជន West Java ជាទីដែលចំណុចកណ្តាលនៃការរញ្ជួយដីកើតឡើង បានប្រាប់ទូរទស្សន៍ MetroTV ថា មនុស្សរហូតដល់២០ នាក់បានស្លាប់ និង ៣០០ នាក់ទៀតបានរងរបួស។ លោកបានបង្ហាញថា ទិន្នន័យនេះគឺមកពីមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យចំនួន ៤ ក្នុងតំបន់ ហើយវាអាចទៅរួចដែលចំនួនអ្នកស្លាប់ និងរបួសអាចកើនឡើង។


ទីភ្នាក់ងារអាកាសធាតុ និងភូគព្ភសាស្ត្រ (BMKG) បានឱ្យដឹងថា ការរញ្ជួយដីបានវាយប្រហារតំបន់ Cianjur ចម្ងាយប្រហែល ៧៥ គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានីហ្សាកាតា និងនៅជម្រៅ ១០ គីឡូម៉ែត្រ។ យ៉ាងណាមិញ មិនមានសក្តានុពលសម្រាប់រលកយក្សស៊ូណាមិទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ បានបញ្ជាក់ថា ផ្ទះជាច្រើនខ្នង និងសាលាបង្រៀនសាសនាឥស្លាម នៅក្នុងតំបន់នោះ បានរងការខូចខាត ខណៈដែលក្រុមមន្ត្រីបានបន្តវាយតម្លៃពីទំហំនៃការខូចខាតទាំងស្រុង។


រូបភាពពីទូរទស្សន៍ Metro TV បានបង្ហាញអគារមួយចំនួននៅតំបន់ Cianjur បានរងការវាយប្រហារដោយអគារស្ទើរតែទាំងស្រុងបានក្លាយទៅជាកម្ទេចថ្ម ខណៈដែលអ្នកស្រុកដែលមានការព្រួយបារម្ភបានប្រមូលផ្តុំគ្នានៅខាងក្រៅអគារនានា។ BMKG បានបញ្ជាក់ថា ក្នុងរយៈពេលពីរម៉ោងការរញ្ជួយដីចំនួន ២៥ លើក បានកើតឡើង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ