អង់គ្លេស ៖ លោកស្រី Liz Truss អតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស នឹងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ ពីលោក Boris Johnson ក្រោយត្រូវបានបោះឆ្នោតជ្រើសរើសជាអ្នកដឹកនាំគណបក្សអភិរក្សនិយម ដែលគ្រប់គ្រងដោយសមាជិកមូលដ្ឋានៅថ្ងៃចន្ទ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBC នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២២។

លោកស្រី Liz Truss បានយកឈ្នះគូប្រជែងរបស់លោកស្រី គឺលោក Rishi Sunak ដែលជាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ។លោកស្រី Truss អាយុ ៤៧ឆ្នាំ នឹងក្លាយជានាយករដ្ឋមន្ត្រីស្ត្រីទីបីរបស់ចក្រភពអង់គ្លេស បន្ទាប់ពីលោកស្រី Margaret Thatcher (១៩៧៩ ដល់ ១៩៩០) និងលោកស្រី Theresa May (២០១៦-២០១៩) ។

នៅក្នុងសុន្ទរកថាមួយបន្ទាប់ពីឈ្នះការប្រកួត លោកស្រី Truss បាននិយាយថា លោកស្រីនឹងផ្តល់ផែនការកាត់បន្ថយពន្ធ និងជំរុញកំណើនសេដ្ឋកិច្ច។លោកស្រីបន្តថា៖ «ខ្ញុំនឹងផ្តល់ផែនការដ៏ក្លាហានមួយ ដើម្បីកាត់បន្ថយពន្ធនិងធ្វើឱ្យសេដ្ឋកិច្ចរបស់យើងកើនឡើង។ ខ្ញុំនឹងដោះស្រាយវិបត្តិថាមពល ដោយដោះស្រាយការចំណាយថាមពលរបស់ប្រជាជន ប៉ុន្តែក៏ដោះស្រាយបញ្ហារយៈពេលវែងដែលយើងមានលើការផ្គត់ផ្គង់ថាមពលផងដែរ"

សូមបញ្ជាក់ថា លោកស្រី Truss ទទួលបានការគាំទ្រ ៨១៣២៦ សំឡេង (៥៧,៤ ភាគរយ) ធៀបនឹង ៦០៣៩៩ សំឡេង (៤២,៦ ភាគរយ) នៃការបោះឆ្នោត។លោកស្រី Truss និងលោក Sunak អាយុ ៤២ ឆ្នាំ បានចំណាយពេល ៨ សប្តាហ៍ចុងក្រោយនៃការប្រមូលផ្តុំការគាំទ្រក្នុងចំណោមសមាជិកគណបក្សអភិរក្សដែលបានបោះឆ្នោតចុងក្រោយកាលពីថ្ងៃចន្ទ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ