សមត្ថកិច្ចចាប់ខ្លួនជនជាតិចិន៥នាក់ នៅខេត្តព្រះសីហនុពាក់ព័ន្ធការជួញដូរគ្រឿងញៀនជាង៩០០គីឡូក្រាម
(ខេត្តព្រះសីហនុ)៖ ជនជាតិចិន៥នាក់ ត្រូវបានកងកម្លាំងនគរបាលការពារព្រំដែនទឹក សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ខ្លួន ជាមួយនឹងការដកហូតគ្រឿងញៀនប្រមាណ ៩២៤គីឡូក្រាម។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។
ករណីចាប់ខ្លួនជនជាតិចិននេះ បានធ្វើឡើង នៅវេលាម៉ោង៨៖៣០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីសមត្ថកិច្ច បានទទួលព័ត៌មានពីមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងប្រតិបត្តិការឃាត់ខ្លួននេះ គឺកម្លាំងនគរបាលការពារព្រំដែនទឹក បានសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ចេញពួនស្ទាក់នៅខាងក្រោយផ្ទះជនសង្ស័យ ជនជាតិចិនទាំង០៥នាក់ទំនប់កោះព្រាប ក្នុងដែនសមុទ្រស្ថិតនៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញម្សៅក្រាមពណ៌សថ្លាចំនួន៤៤ដុំ ដោយក្នុង០១ដុំ មានទម្ងន់ ២១គីឡូក្រាម ហើយទម្ងន់សរុបមានចំនួន ៩២៤គីឡូក្រាម។ បន្ថែមពីនេះ សមត្ថកិច្ចបានដកហូតមធ្យោបាយអូប័រចំនួន០១គ្រឿង និងទូកឈើចំនួន០១គ្រឿងផងដែរ។
សូមបញ្ជាក់ថា ជនសង្ស័យទាំង៥នោះមានឈ្មោះ៖១៖ ឈ្មោះ TONG JIAN XIN ភេទប្រុស អាយុ ៧១ឆ្នាំ ជនជាតិចិន, ២៖ ឈ្មោះ GAO ZHI XIN ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន,៣៖ ឈ្មោះ LI YONG XIN ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន,៤៖ ឈ្មោះ ZHONG JIAN LIN ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន,៥៖ ឈ្មោះ YAN XI TONG ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិចិន។
បច្ចុប្បន្នជនសង្ស័យ និងគ្រឿងញៀនជាង៩០០គីឡូក្រាមនោះ ត្រូវបានបញ្ជូនទៅឲ្យស្នងការដ្ឋា ននគរបាលខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕SP